រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវជាថ្មីឱ្យពលរដ្ឋឈប់ពលរដ្ឋត្រីក្រពត។ ការអំពាវនាវនេះ បន្ទាប់ពីខេត្តកោះកុង មានបុរសម្នាក់ស្លាប់ និងមនុស្ស៩នាក់ផ្សេងទៀត ត្រូវសម្រាកព្យាបាល ក្រោយពួកគេនាំគ្នាបរិភោគត្រីក្រពតមានទម្ងន់៦គីឡូក្រាម នៅថ្ងៃទី២២ មករា ឆ្នាំ២០១៨។

តាមសេចក្ដីជូនព័ត៌មានក្រសួងសុខាភិបាលនៅថ្ងៃទី២៥ មករា នៅកម្ពុជាមានត្រីក្រពត១០ប្រភេទ និងមាន៣ប្រភេទមានជាតិពុល អាចបណ្ដាលឱ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន។ ត្រីក្រពតទាំង៣ប្រភេទនោះ រួមមានTetraodon cochinchinensis, Monotrete leiuru និង Tetraodon fluviatilis។ ត្រីក្រពតទាំងនេះ មានជាតិពុលខ្ពស់បំផុតក្នុងរដូវពងកូនបន្តពូជ អំឡុងខែ កុម្ភៈ មីនា កក្កដា និងខែកញ្ញា។

រោគសញ្ញានៃការពុលត្រីក្រពត ដូចជារមាស់ចាក់ៗនៅបបូរមាត់និងមាត់ បន្ទាប់មក ឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវៈយកវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិល ស្ពឹកចុងដៃជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្ពាម ឬអាចបណ្ដាលឱ្យស្លាប់តែម្ដង។

ក្រសួងថា  ការធ្វើឱ្យក្អួត ក្រោយពីដឹងថាពុលត្រីក្រពត គឺអាចជួយបញ្ចេញជាតិពុលបានមួយចំណែក បន្ទាប់មកត្រូវស្វែងរកការសង្គោះបន្ទាន់នៅក្នុងមូលដ្ឋាន៕