នៅព្រឹកថ្ងៃទី២៣កុម្ភៈនេះ ក្រសួងសុខាភិបាលបានប្រកាសថា មានករណីឆ្លងកូវីដថ្មី២៥​នាក់ទៀត ក្នុងនោះ២៣នាក់ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ និងពីរករណីទៀតគឺជាទាហានមួកខៀវកម្ពុជាដែលបាននាំចូលជំងឺពីអាហ្វ្រិក។ ក្នុងចំណោមករណីសហគមន៍ គឺមានអ្នកជំងឺស្រ្ដីជនជាតិខ្មែរម្នាក់អាយុ៤២ឆ្នាំ មិនអាចទាក់ទងបាន និងស្រ្ដីជនជាតិចិនអាយុ២៣ឆ្នាំទៀត មិនព្រមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសំអាងថាខ្លួនមានកូនតូចនៅជាមួយ។

ក្រៅពីនេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា កាលពីថ្ងៃទី២២កុម្ភៈនេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ដរកឃើញករណីកូវីដបម្លែងថ្មីដែលមានប្រភពចេញពីប្រទេសអង់គ្លេសចំនួន៣ករណីទៀត ដែលក្នុងនោះមាន២នាក់ជាអ្នកឆ្លងចេញពីក្លឹបកម្សាន្តN8 និងម្នាក់ទៀតជាអ្នករស់នៅសង្កាត់ទន្លេបាសាក់។

ការរកឃើញ៣ករណីនេះ បានធ្វើឱ្យកម្ពុជាបានរកឃើញវីរុសកូវីដ១៩បម្លែងថ្មីមានប្រភពនៅអង់គ្លេសកើនដល់៦ករណីហើយ ក្រោយពីបានរកឃើញជាលើកដំបូងកាលពីថ្ងៃទី​១៥​កុម្ភៈ លើអ្នកដំណើរជនជាតិបរទេស៣នាក់ គឺបុរសនិងស្រ្ដីជនជាតិឥណ្ឌាពីរ និងលើស្រ្ដីជនជាតិចិនអាយុ​២៦ឆ្នាំម្នាក់។



ក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាកំពុងប្រឈមសភាពរាតត្បាតធំជាង និងសាំញ៉ាំជាង​ព្រឹត្តការណ៍សហគមន៍២៨វិច្ឆិកា ជាពិសេសការចម្លងប្រភេទបម្លែងថ្មី គឺមានសភាព​កាច​សាហាវ និងលឿនជាងធម្មតា។ ក្រសួងបន្តថា កម្ពុជាប្រឈមការឆ្លងកាន់តែលឿន ប្រសិនបើពលរដ្ឋមិនយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល ដូចជា ធ្វើចត្តា​ឡីស័កឱ្យបានត្រឹមត្រូវ ផ្ដល់ព័ត៌មានក្នុងករណីខ្លួនបានជាប់ពាក់ព័ន្ធនឹងឆ្លងកូវីដ​២០កុម្ភៈ និងមិនត្រូវធ្វើដំណើរចេញក្រៅក្នុងករណីមិនចាំបាច់។

កាលពីថ្ងៃម្សិលមិញ សម្ដេច ហ៊ុន សែន បានអំពាវនាវឱ្យពលរដ្ឋនៅភ្នំពេញនិងខេត្តកណ្ដាលផ្អាកការរៀបចំពិធីមង្គលការមួយរយៈពេលសិន និងបានអំពាវនាវឱ្យពលរដ្ឋនៅតាមបណ្ដាខេត្តផ្អាកធ្វើដំណើរចូលមកកាន់ទីក្រុងភ្នំពេញ ដើម្បីចៀសវាងមកចម្លងជំងឺតពីអ្នកនៅទីក្រុង៕