សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បាន​អះអាងថា សមត្ថកិច្ចកម្ពុជា បានបើកការស៊ើបអង្កេត ដើម្បីរកប្រភព និង​ឫសគល់​ពិតប្រាកដចំពោះការនាំចូលលុយដែលគ្មានប្រភពច្បាស់លាស់ចូលមកទឹកដីកម្ពុជា។

សម្តេចថ្លែងបែបនេះ នៅក្នុងពិធីបិទទិវាប្រជាជនពិភពលោកលើកទី៣០ និងខួបទី២៥​ឆ្នាំ នៃសន្និសីទអន្តរជាតិ​ស្ដីពី​ប្រជាជន និងការអភិវឌ្ឍ នៅមជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន CJCC នៃ សាកល​វិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះសមត្ថកិច្ច​ជំនា​​ញ​កម្ពុជាបាន ធ្វើការរឹបអូស លុយជាង៧លានដុល្លារអាម៉េរិក ដែលគ្មានប្រភព​ច្បាស់​លាស់ចូលមកកម្ពុជា។ បើតាមសម្តេច បច្ចុប្បន្នលុយទាំងនោះ ត្រូវបានរក្សា​ទុកយ៉ាង​ត្រឹម​ត្រូ​វនៅក្នុងធនាគារជាតិ​នៃ​កម្ពុជា។ សមត្ថកិច្ចកំពុងសហការជាមួយខាង​សមត្ថ​កិច្ចហុងកុង ដើម្បីស្រាវជ្រាវចំពោះករណីនេះ ហើយដោយសារតែទីក្រុងហុងកុង នៃ​សាធារណ​រដ្ឋ​ប្រជាមានិតចិន កំពុងមានបញ្ហាបាតុកម្ម ដូច្នេះបញ្ហានេះ ត្រូវបាន​ពន្យា​ពេល​ស្រាវ​ជ្រាវសិន។ តែទោះបីយ៉ាងណាក៏ដោយ សម្តេចក្រឡាហោម បានអះអាងថា សមត្ថកិច្ច​កម្ពុជា នឹងខិតខំស្រាវជ្រាវដើម្បីរកឫសគល់ប្រភពនៃលុយទាំងនោះ។

សមត្ថកិច្ចកម្ពុជានៅច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់ខ្លួនជនបរទេសដែលបាននាំចូលលុយរជាច្រើនលាន​ដុល្លារចូល​ទឹកដី​កម្ពុជា ជាបន្តបន្ទាប់ កាលពីពេលកន្លងទៅថ្មីៗនេះ។ ភាគច្រើននៃជន​សង្ស័យ​ដែល​​នាំចូលលុយដុល្លារគ្មានប្រភពច្បាស់លាស់ពីក្រៅប្រទេសនោះ គឺជាជនជាតិចិន។ ជនទាំងនោះត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងចាប់បញ្ជូនទៅតុលាការ​ដើម្បីធ្វើ​ការស្រាវជ្រាវ និងផ្តន្ទាទោសតាមច្បាប់របស់កម្ពុជា៕