ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈអាចមានការប្រែប្រួល ដោយមិនអាចព្យាករបាន។ នេះជាការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ដែលប្រាប់ឱ្យក្រុមហ៊ុនប្រេងឥន្ធនៈ បន្តប្រើរូបមន្តដដែល ក្នុងការកំណត់តម្លៃប្រេងលក់រាយនៅកម្ពុជា ។

សេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ខែមករានេះ បានបញ្ជាក់ដូច្នេះថា៖«ប៉ុន្តែទោះបីមានការកើនឡើងតម្លៃប្រេងឥន្ធនៈក្ដី ក្រសួងនឹងគណនាតម្លៃប្រេងទៅតាមប្រកាសរបស់អន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល នូវតម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជាទៅតាមតម្លៃទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១៥ថ្ងៃម្ដង ដូចអ្វីដែលយើងបានឯកភាពគ្នាអនុវត្តកន្លងមក ដើម្បីរួមចំណែកផ្ដល់ស្ថិរភាពសេដ្ឋកិច្ច-សង្គម»។

កន្លងមកក្រសួងពាណិជ្ជកម្មគណនាតម្លៃប្រេងលក់រាយរៀងរាល់១៥ថ្ងៃម្ដង ដោយយោងទៅលើតម្លៃប្រេងនៅទីផ្សារអន្តរជាតិ និងមានបូកតម្លៃពន្ធផ្សេងៗ មុននឹងជូនដំណឹងជាសាធារណៈ។ ក្រសួងពាណិជ្ជកម្មជូនដំណឹងពេលនេះ ស្របពេលដែលតម្លៃប្រេងឥន្ធនៈ កំពុងមានការប្រែប្រួល ដោយសារបញ្ហាជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ។ អ៊ីរ៉ងជាប្រទេសផ្គត់ផ្គង់ប្រេងលើពិភពលោក៕