ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានកំណត់គោលដៅយុទ្ធសាស្ត្រ៦ចំណុច ដើម្បីបន្តពង្រឹងការអភិវឌ្ឍ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ដែលមានស្រាប់ និងទើបបង្កើតថ្មី។

លោក ថៅ សុខមុនី អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពីរទស្សវត្សចុងក្រោយនេះ ប្រទេសកម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុង​វង្វង់៧ភាគរយ ដែលសមិទ្ធផលនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើន និងការអភិវឌ្ឍ​លើគ្រប់វិស័យ ដោយកើតចេញពីការសហការគ្នាយ៉ាង​សស្រាក់សស្រាំរវាងរាជរដ្ឋាភិ បាលកម្ពុជា និងវិស័យឯកជន ដោយក្នុងនោះវិស័យSMEs បាននឹងកំពុង​ចូលរួម​ចំណែក យ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ លោកថ្លែងបែនេះ នៅក្នុង​វគ្គបណ្តុះបណ្តាល ស្តីពីការជំរុញពាណិជ្ជកម្មរបស់សហគ្រាសធុនតូច និងមធ្យម​នៅកម្ពុជា កាលពីដើម សប្ដាហ៍នេះ។

ឯកឧត្តម ថៅ សុខមុនី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់គោល​ដៅយុទ្ធសាស្ត្រ​ក្នុងការបន្តពង្រឹង ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម លើកកម្ពស់សហគ្រិនភាព និងសហគ្រាសបង្កើតថ្មី ដោយផ្តោតអាទិភាពលើ ០៦ចំណុច រួមមាន៖

ទី១- ការបញ្ចប់ការរៀបចំ និងជំរុញការអនុវត្តគោលនយោបាយសហគ្រាសធុនតូច និងមធ្យមឱ្យមានប្រសិទ្ធភាព។

ទី២-ការពង្រឹងការអនុវត្តយន្តការគាំទ្រដើម្បីជួយសម្រួលដល់ការចុះបញ្ជី ការផ្តល់សេវា​សម្រប សម្រួល ការផ្សព្វផ្សាយព័ត៌មានទីផ្សារឱ្យបានទូលំទួលាយ និងទាន់ពេល​វេលាការផ្សព្វផ្សាយ និងបញ្រ្ជាបបច្ចេកវិទ្យាថ្មី និងការបន្តខិតខំស្វែងរក និងជ្រៀតចូល​ទីផ្សារនាំ ចេញសម្រាប់ ផលិតផលកម្ពុជា។

ទី៣-ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់ហរិញ្ញប្ប ទានដល់​សហគ្រាស​ធុនតូច និងមធ្យម ព្រមទាំងការជំរុញការៀបចំ និងអនុវត្តនូវជម្រើស ហិរញ្ញប្បទាននានារួមទាំងយន្តការគ្រប់គ្រង អាជីវកម្ម គម្រោងវិនិយោគផង។

ទី៤-ការបង្កើត មូលនិធិជាតិសហគ្រិតភាព និងមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនភាព​ដោយសហការជាមួយ វិស័យឯកជនសំដៅលើកកម្ពស់សហគ្រិនភាព និងប្រសិទ្ធ​ភាពធុរកិច្ច។

ទី៥-ការពង្រឹង និង ពង្រីកបន្ថែមការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា មន្ទីរពិសោធន៍​ថ្នាក់ជាតិ ការបន្ត កែលម្អកិច្ចសម្រួលពាណិជ្ជកម្ម ការកែលម្អប្រ​ព័ន្ធឡូជីស្ទីក ព្រមទាំងការបន្តលើកទឹកចិត្ត និងការទាក់ទាញការវិនិយោគក្នុងការ​បង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យម។

ទី៦-ការជំរុញការលើកកម្ពស់គុណភាពផលិតផលនៃសហគ្រាសធុនតូច និងមធ្យម តាមរយៈការ ពង្រឹងអនុលោម ភាពលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ និងស្តង់​ដារ ព្រមទាំងការ លើកកម្ពស់នវានុវត្តន៍ តាមរយៈការការពារកម្មសិទ្ធិបញ្ញា និងការផ្តល់ប្រកាសនីយបត្រតក្កកម្ម (Patents)។

រូបឯកសារ

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម បានគ្របដណ្ដប់ជាង៩០ភាគរយ នៃចំនួន​សហគ្រាសទាំងអស់នៅកម្ពុជា ហើយវិស័យនេះកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុង ការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលបាន ផ្តល់ឱកាសការងារដល់ពលរដ្ឋជាង២លាននាក់៕ AKP

រូបឯកសារ

ខ្មែរណាស់