ក្រសួង​ពាណិជ្ជកម្ម​បាន​បកស្រាយថា តម្លៃ​ប្រេង​ឥន្ធនៈ លក់រាយនៅ​លើទីផ្សារ​អន្តរជាតិ មានការកើនឡើង​គួរឲ្យកត់សម្គាល់ ទៅតាម​បរិបទនយោបាយពិភព​លោក ​ជាពិសេស​ការប្រឈមមុខដាក់គ្នា​រវាងប្រទេស​លោកខាងលិច​ និងប្រទេសផលិតប្រេងធំៗ។

បញ្ហានេះ បានជះឥទ្ធិពល​ដល់តម្លៃ​ប្រេង​ឥន្ធនៈ​លក់រាយ​នៅកម្ពុជា ដោយសារតែកម្ពុជា ជាប្រទេស​នាំចូលប្រេង​ឥន្ធនៈ​ពីទីផ្សារ​អន្តរជាតិ ដូចប្រទេសដទៃទៀតដែរ។ ការចម្ងល់នេះ ត្រូវបាន​ធ្វើឡើងនៅក្នុង​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ​ស្ដីពី​ការប្រែប្រួលតម្លៃប្រេង​ឥន្ធនៈ​នៅក្នុងប្រទេសកម្ពុជា ចុះថ្ងៃទី​ ៣ ​​ខែ​តុលា ឆ្នាំ​២០១៨​។

ចំពោះករណីប្រេងឡើងថ្លៃជាបន្តបន្ទាប់នេះ ក្រសួង​ពាណិជ្ជកម្ម​ បានបញ្ជាក់ថា ក្រសួង​មិនបានកំណត់​តម្លៃលក់​ប្រេងឥន្ធនៈ​នៅកម្ពុជាទេ គឺក្រសួង​មានភារកិច្ច​ស្រង់តម្លៃ​ឡើងចុះ នៃប្រេង​ឥន្ធនៈ​ទៅតាមទីផ្សារ​អន្តរជាតិ មកគណនាតាម​ប្រកាសអន្តរក្រសួង ស្ដីពី​ការកំណត់​រូបមន្ត​សម្រាប់កែសម្រួល​ថ្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅកម្ពុជា ចុះថ្ងៃទី២២ខែមិថុនា ឆ្នាំ​២០១៨ តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ចាប់ពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ​២០១៨​ ប្រេងសាំងមួយធុង (បារ៉ែល) ចំណុះ ១៥៩លីត្រ មិនទាន់បូកបញ្ចូលពន្ធ បានឡើងថ្លៃពី ៨៦,៩៨ដុល្លារ សហរដ្ឋ អាមេរិក ដល់ ៨៩,៥២ដុល្លារ ហើយប្រេងម៉ាស៊ូត ចំណុះដូចគ្នាមិន ទាន់បូកបញ្ចូលពន្ធ បានឡើងថ្លៃពី ៩២,១៧ដុល្លារ ៩៦,៦៨ដុល្លារ។ តម្លៃប្រេងឥន្ធនៈនេះ នឹងត្រូវបញ្ចុះចំនួន ៤សេន (១៦០រៀល) ក្នុង ១លីត្រ នៅពេលលក់រាយ​៕

អត្ថបទ៖ សាវតា