ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការតាមផ្លូវច្បាប់លើជនខិលខូចឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃហួសហេតុ ក្នុងកាលៈទេសៈប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ១៩។ នេះបើតាមលិខិតអំពាវនាវរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៨ ខែ មីនា នេះ។

ក្រសួងបញ្ជាក់ដូច្នេះថា៖« បច្ចុប្បន្នមាន ម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរតាមប្រព័ន្ធអ៊ីនធើណែត មួយចំនួនបានឆ្លៀតឱកាសលក់ដំឡើងថ្លៃដូចជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កម្ដៅ និងគ្រឿងឧបភោគ បរិភោគចាំបាច់ ប្រើប្រាស់ប្រចាំថ្ងៃ លើទីផ្សារទូទាំងប្រទេស ដែលបង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គម»។

ការព្រមានបែបនេះ ក្រោយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច​ ហ៊ុន ​សែន ​បញ្ជាឲ្យមន្រ្តីក្រោមឧវាទបិទ ​ឱសថ​ស្ថាន​ណាបន្ត​លក់​ម៉ាស់​ឡើង​ថ្លៃ លែងឲ្យដំណើរ​ការ​។

សម្ដេច ព្រមានដូច្នេះថា៖ «ប្រសិនបើរកឃើញករណីឱសថស្ថានណាលក់ម៉ាសឡើងថ្លៃ និងត្រូវបិទឈប់ឲ្យលក់មួយជីវិត»៕

ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យម្ចាស់ហាងលក់ទំនិញ និងអាជីវករទាំងអស់ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ហួសហេតុ និង ត្រូវបិទស្លាក់ថ្លៃជាប្រាក់រៀល លើមុខទំនិញដែលចរាចរ លើទីផ្សារ សំដៅធានាបាននូវយន្តការសេដ្ឋកិច្ចទីផ្សារសេរី និងលើកស្ទួយដល់ចរាចររូបិយវត្ថុក្នុងស្រុក៕