ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» ដែលជាឈើហូបផ្លែធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ពិសា និងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយម។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម។

ពិធីប្រកាសទទួលស្គាល់នេះ រៀបចំឡើងនៅលើទឹកដីកោះទ្រង់ ក្នុងខេត្តក្រចេះ ក្រោមវត្តមាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ នៅក្នុងពិធីនោះនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីអត្ថប្រយោជន៍នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលឧបករណ៍ទីផ្សាដ៏មានសក្តានុពល និងប្រសិទ្ធភាពខ្ពស់ ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ហើយការដាក់ឲ្យប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» ពេលនេះ នឹងជួយបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជនមូលដ្ឋាន ព្រមទាំងទាំងលើកកម្ពស់វិស័យទេសចរណ៍ជាតិថែមទៀត។

តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លោកស្រី អេឡិច ហ្គ្រាស្យូលី (Alexandra Grazioli) បានចាត់ទុកការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ក្រូចថ្លុងកោះទ្រង់» គឺជាជោគជ័យមួយទៀត សម្រាប់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់កម្មវិស័យសិទ្ធិបញ្ញា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្សាភ្ជាប់ផលិតផលប្រពៃណី ទៅនឹងការគោរពបរិស្ថាន សម្រាប់ទុកជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ថា នៅលើកោះទ្រង់បច្ចុប្បន្ន មានប្រជាពលរដ្ឋដាំក្រូចថ្លុងសរុប ៣៣១គ្រួសារ ដែលក្នុងនោះ ១៥៥គ្រួសារ ទើបតែបានចូលជាសមាជិកសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់។ទិន្នផលដែលកសិករប្រមូលបានប្រចាំឆ្នាំយ៉ាងតិច ១០០ផ្លែ ក្នុងមួយដើម ហើយដើមក្រូចថ្លុងសរុបនៅលើកោះទ្រុងនេះមានចំនួន ១៣,៧៩០ដើម។