កិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ និងអង្គការFAO នេះគ្រោងនឹងចុះហត្ថលេខា​លើកិច្ចព្រមព្រៀងស្តីពីគម្រោង អនុវត្តន៍អង្កេតកសិកម្មនិងការអង្កេតចន្លោះ​ជំរឿន​កសិកម្មនៅកម្ពុជាឆ្នាំ២០១៩ ដើម្បីអនុវត្តន៍ឱ្យសម្រេចបានជោគជ័យ។ នេះបើតាម​ការចេញផ្សាយនៅលើគេហទំព័រហ្វេសប៊ុករបស់ក្រសួងផែនការ។

លោក Alexandre Huynh ប្រធានអង្គការFAO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រៅពីការផ្តល់ជំនួយថវិកា និងបច្ចេកទេស អង្គការFAO នឹងខិត​ខំព្យា​យាម​ប្រឹងប្រែងបន្ថែមទៀត ស្វែងរកដៃគូផ្តល់ ជំនួយអភិវឌ្ឍន៍ដទៃទៀត ដើម្បីជួយដល់ក្រសួងផែនការក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស​ជាតិរបស់ខ្លួនឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការបានមានប្រសាសន៍ស្វាគមន៍ ចំពោះការផ្តល់ការគាំទ្រពីសំណាក់ អង្គការFAO ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់គម្រោងអនុវត្តន៍ ជំរឿនកសិកម្ម និងការអង្កេតចន្លោះជំរឿន កសិកម្មនៅកម្ពុជាឆ្នាំ២០១៩ខាងមុខនេះ។

សូមបញ្ជាក់ថា គម្រោងអនុវត្តអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ ត្រូវបាន គ្រោងចំណាយថវិកាសរុបចំនួន ១.៣១៥.៨៦៧ ដុល្លារអាម៉េរិក ក្នុងនោះអង្គការFAO ចូលរួមថវិកាចំនួន ១.០៤៩.៨៦៧ដុល្លារ សម្រាប់ជំហានដំបូងនេះ៕