
ក្រសួងបរិស្ថានបានសម្រេចផ្លាស់ប្ដូរលោក កែវ សុភគ៌ មកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន និងតែងតាំងលោក ឆៅ ប៊ុនធឿន អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ទៅជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីវិញ។ សកម្មជនយល់ឃើញថា ការផ្លាស់ប្ដូរតំណែងថ្មីនេះ អាចដោយសារលោក កែវ សុភគ៌ មានកំហុសច្រើនធ្វើឱ្យបាត់បង់ព្រៃឈើនៅមណ្ឌលគិរី។
លិខិតក្រសួងបរិស្ថានចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងនេះ ដើម្បីផ្ញើទៅកាន់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី បានលើកឡើងថា ការផ្តាស់ប្តូរតូនាទីនេះ ដើម្បីឆ្លើយតបនឹងទំហំការងារ តម្រូវការចាំបាច់នៃដំណើរវិវឌ្ឍន៍របស់សង្គមជាតិនៅក្នុងវិស័យបរិស្ថាន ក្នុងការពង្រឹងរដ្ឋបាលទំនើប និងពង្រឹងប្រសិទ្ធភាពការងារលើការគ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ធនធានក្នុងតំបន់ការពារធម្មជាតិឲ្យមាននិរន្តភាព កិច្ចការរដ្ឋបាល កិច្ចការគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយចីរភាព ការជំរុញអភិបាលកិច្ចល្អ និងមានតម្លាភាព។
លិតិតដដែលបន្តថា ការផ្លាស់ប្ដូរតំណែងនេះ ក្រោយពីបានពិនិត្យឃើញអំពីបុគ្គលិកលក្ខណៈ លក្ខណសម្បត្តិ បទពិសោធន៍ការងារ ជំនាញវិជ្ជាជីវៈ សីលធម៌ ឆន្ទៈក្នុងការងារ ស្មារតីទទួលខុសត្រូវ និងសមត្ថភាពប្រកបដោយប្រសិទ្ធភាពប្រសិទ្ធផល ដែលត្រូវចាត់ទុកថាជាការរីកចម្រើនលក្ខណសម្បត្តិប្រសើរសម្រាប់ការដឹកនាំ និងបំពេញមុខងារស្នូលក្នុងមន្ទីរបរិស្ថានខេត្ត។
លោក នេត្យ ភក្រា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានប្រាប់សារព័ត៌មានខ្មែរណាស់ថា លោកមិនទាន់បានឃើញលិខិតដែលត្រូវផ្តាស់ប្តូរតូនាទីប្រធានមន្ទីរបរិស្ថានឲ្យមកបម្រើការនៅក្រសួងបរិស្ថាននោះទេ ដូច្នេះលោកមិនមានអ្វីអធិប្បាយឡើយ។
ចំណែកលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីបានប្រាប់យ៉ាងខ្លីដែរថា ការប្តូរតួនាទីនេះមិនទាន់ដឹងថាយ៉ាងមិចទេ ហើយរឿងនេះជារឿងផ្ទៃក្នុងរបស់ក្រសួងបរិស្ថានមិនអាចបញ្ចេញបាននោះទេ។
លោកថា៖«រឿងប្តូរតួនាទីនេះ ជារឿងធម្មតាទេ ការដោះដូរតួនាទីមន្រីរាជការ ដូចនេះវាមិនមានបញ្ហាអ្វីទេ»។
ប៉ុន្តែលោក គ្រើង តុលា សកម្មជនការពារព្រៃឈើខេត្តមណ្ឌលគិរីបានលើកឡើងថា ការប្តូរតួនាទីរបស់លោក កែវ សុភគ៌ ប្រហែលមកពីក្រសួងរកឃើញថាគាត់មានកំហុសច្រើនពេក ព្រោះនៅខេត្តមណ្ឌលគិរីមានការកាប់បំផ្លាញព្រៃឈើ និងមានការចាប់ដីព្រៃរបស់រដ្ឋ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖«ដោយសារមានការបាត់បង់ព្រៃឈើហ្នឹងហើយ ទើបមានការផ្តាស់ប្តូរតូនាទីរបស់លោក កែវ សុភក្រ័»។
លោកបានបន្តទៀតថា វិធីសាស្រ្តាដែលល្អមិនគូរប្តូរតូនាទីទេ គួរមានការណែនាំ និងចាត់វិធានការតាមផ្លូវច្បាប់ ទើបមនុស្សមានការរៀងច្រាល៕