ភ្នំពេញ៖ ក្រោយពីមានការរិះគន់ជុំវិញ ព័ត៌មានវៀតណាមវិនិយោគលើវិស័យកសិកម្ម នៅលើផ្ទៃកម្ពុជានោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចេញមុខបកស្រាយបញ្ហានេះថា មិនទាន់មានករណីនេះកើតឡើងឡើយ។ ក្រសួងកសិកម្ម ប្រាប់ឲ្យពលរដ្ឋកុំទាន់មានការព្រួយបារម្ភ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានពន្យល់ថា អ្នក​វិនិយោ​គវៀតណាម​ពិតជាចង់​ដាំ​បន្លែ​នៅ​កម្ពុជា ប៉ុន្តែវា​គ្រាន់តែជាការ​បង្ហាញ​បំណង​បោះទុន​លើ​វិស័យ​ផ្នែកដំណាំស្បៀងសុវត្ថិភាពប៉ុណ្ណោះ ពោលគឺមិនទាន់មាន​ការសម្រេចជា​ផ្លូវការ​ឡើយ។ «គម្រោងវិនិយោគខាងលើនេះ មិនទាន់ចាប់ផ្ដើមនៅឡើយទេ ព្រោះភាគីវិនិយោគមិនទាន់ធ្វើការសិក្សាបានច្បាស់លាស់ស្តីពីផែនការបោះទុនវិនិយោគនៅឡើយ»។ នេះជាការបញ្ជាក់របស់ក្រសួងកសិកម្ម។

ជាមួយគ្នានេះក្រសួងកសិកម្ម ច្រានចោលព័ត៌មានដែលបានផ្សព្វផ្សាយពីរឿងវិនិយោគិនវៀតណាមនេះថា ជាការវិភាគមិនទាន់គ្រប់ជ្រុងជ្រោយ និងយល់ស៊ីជម្រៅពីគោលបំណងវិនិយោគ។ត្រង់ចំណុចនេះក្រសួងពន្យល់ថា «តាមគោលការណ៍រដ្ឋាភិបាល ក្រុមហ៊ុនត្រូវលើកសំណើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយត្រូវដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងត្រួតពិនិត្យ និងការវាយតម្លៃនៃផលប៉ះពាល់នៃគម្រោងវិនិយោគ ព្រមទាំងមានការសម្រេចពីរដ្ឋាភិបាលផងដែរ»។

តែយ៉ាងប្រសិនបើគម្រោងនេះដំណើរការ ក្រុមហ៊ុនវៀតណាមនឹងសហការជាមួយកសិករដាំបន្លែ ផ្លែឈើ សរីរាង្គ រួមទាំងសហគមន៍កសិកម្ម ដោយត្រូវអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីផលិតតាមគោលការណ៍កសិកម្មសេរីរាង្គ ឬការអនុវត្តកសិកម្មល្អ សម្រាប់ផ្គត់ផ្គង់សណ្ឋាគារនៅកម្ពុជា និងវៀតណាម។ នេះបើតាមក្រសួងកសិកម្ម ដែលស្នើឲ្យពលរដ្ឋជម្រះមន្ទិលសង្ស័យលើករណីវិនិយោគគិនវៀតណាម ដែលកើតឡើងតាមរយៈព័ត៌មានកន្លងមក៕