ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់បម្រាមបណ្ដោះអាសន្ន សម្រាប់ការនាំចូលថ្នាំកម្ចាត់ស្មៅគ្រប់ប្រភេទ ចូលចែកចាយនៅក្នុងប្រទេសកម្ពុជា។ ការហាមរបស់ក្រសួងនៅពេលនេះ ធ្វើឡើងក្រោយពីមានករណីប្រជាពលរដ្ឋពុលទឹក នៅខេត្តក្រចេះកន្លងមក។

តាមរយៈបម្រាមនេះ ក្រសួងកសិកម្ម បានដាក់ចេញវិធានការចំនួន៦ចំណុច ដើម្បីទប់ស្កាត់ការនាំចូលថ្នាំកម្ចាត់ស្មៅ ចូលមកទីផ្សារកម្ពុជា។ វិធានការ ដែលក្រសួងដាក់ចេញនោះ គឺការនាំចូលថ្នាំកម្ចាត់ស្មៅគ្រប់ប្រភេទបណ្ដោះអាសន្ន ហើយដេប៉ូចែកចាយថ្នាំកសិកម្មទាំងអស់ ផ្អាកការចែកចាយសិន ដោយត្រូវរង់ចាំការត្រួតពិនិត្យរបស់មន្រ្តីជំនាញ។

បន្ថែមពីនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលប្រចាំការនៅតាមមាត់ច្រកព្រំដែនអន្តរជាតិ ច្រកទ្វេរភាគី ឬច្រករបៀង និងច្រកចេញចូលផ្សេងៗទៀត ត្រូវសហការទប់ស្កាត់ការនាំចូលខុសច្បាប់នៅថ្នាំគ្រប់ប្រភេទ។ បើការហាមឃាត់ខាងលើនេះ នៅតែមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងម្ចាស់កសិដ្ឋានទាំងអស់ ដែលបាននាំចូលថ្នាំកសិកម្មទៅប្រើប្រាស់លើដីសម្បទាន និងកសិដ្ឋាននោះត្រូវរាយការណ៍មកមន្រ្តីជំនាញក្រសួងកសិកម្ម ដើម្បីចុះទៅត្រួតពិនិត្យ ក្នុងការប្រើប្រាស់ឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។

ត្រង់ចំណុចនេះក្រសួងកសិកម្ម បានបញ្ជាក់ថា ការដាក់បម្រាមបណ្ដោះអាសន្ន សម្រាប់ការនាំចូលថ្នាំកម្ចាត់ស្មៅគ្រប់ប្រភេទ ចូលចែកចាយនៅក្នុងប្រទេសកម្ពុជា ដោយសារមានករណីប្រជាពលរដ្ឋពុលទឹក នៅខេត្តក្រចេះកន្លងមក ដែលសង្ស័យទៅលើការប្រើប្រាស់ថ្នាំកសិកម្មខុសច្បាប់។

កាលពីថ្ងៃទី២៥ ឧសភា រដ្ឋមន្រ្តីក្រសួងចំនួន៣ បានចេញសេចក្តីប្រកាសរួមគ្នាថា ការពុលនេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេរ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត៕