ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវវិធានការចំពោះអាជីវកម្មសត្វជ្រូក និងសត្វគោ-ក្របី នាំចូល និងនាំឆ្លងកាត់កម្ពុជា ដើម្បីការពារហានីភ័យនៃការឆ្លងរាលដាលនៃជំងឺសត្វចូលមកកម្ពុជា។

សេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី ៦ ខែមីនា បានកំណត់នូវវិធានការសំខាន់ៗចំនួន ៤ ដែលម្ចាស់អាជីវកម្ម និងក្រុមហ៊នពាក់ព័ន្ធទាំងអស់ ត្រូវតែមាន។ ទី១ ជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់សុពលភាព ។ ទី២ ត្រូវមានទីតាំងប្រមូលផ្ដុំ និងបំប៉នសត្វ ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ទី ៣ ត្រូវចុះកិច្ចសន្យាបច្ចេកទេសជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវធានាអនុវត្តកិច្ចសន្យានេះ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងការធ្វើចត្តាឡីស័ក។ ទី ៤  ត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ បញ្ជាក់សុខភាពសត្វ នៃប្រទេសនាំចេញជាភាសាអង់គ្លេស ក្នុងពេលដឹកជញ្ជូន។

ជាការកត់សម្គាល់ វិធានការរបស់ក្រសួងកសិកម្មធ្វើឡើងនៅពេលនេះ ខណៈដែលប្រទេសវៀតណាមកំពុងផ្ទះឡើងនូវជំងឺផ្តាសសាយជ្រូក ឬជំងឺប៉េសជ្រូកអាហ្រិក។ ប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួន ក៏រឹតបន្តឹងការនាំចូលសត្វជ្រូកពីប្រទេសវៀតណាមផងដែរ។