ភ្នំពេញ៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ប្រកាសកំណត់វិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិ សម្រាប់អនុវត្ដក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងប្រកួតប្រជែងក្នុងទីផ្សារ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម ដែលទើបចេញផ្សាយនៅថ្ងៃទី២៦ មេសា។

ក្រសួងកសិកម្ម បានបញ្ជាក់ថា ការកំណត់វិធានការនេះ គឺលើកកម្ពស់ការជឿជាក់ចំពោះអ្នកផលិត និងអ្នកប្រើប្រាស់ផលិតផលកសិកម្ម ធ្វើជាចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព។ ជាពិសេសលើកកម្ពស់ និងគាំទ្រការចូលរួមរបស់ប្រជាកសិករ សហគមន៍កសិកម្ម និងផ្នែកឯកជន ដើម្បីជំរុញការអនុវត្តវិធានកសិកម្មសរីរាង្គកម្ពុជា នៅក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង។

បើតាមក្រសួងកសិកម្ម អនុវត្តវិធានការនេះ ក៏ជួយជំរុញគុណភាព និងសុវត្ថិភាពកសិផលស្របតាមស្ដង់ដារផលិតផលកសិកម្មសរីរាង្គ ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែង ,ជំរុញពាណិជ្ជកម្មផលិតផលស្បៀង នៅលើទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញ រួមទាំងគាំពារបរិស្ថាន ថែរក្សាសុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទៀតផង។



សេចក្តីប្រកាស ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីកសិកម្ម វេង សាខុន បានបញ្ជាក់ដូច្នេះ៖«ប្រកាសនេះ មានគោលបំណងវិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិសម្គាល់ ការអនុវត្ដវិធានកសិកម្ម សរីរាង្គកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង និងការធ្វើពាណិជ្ជកម្ម ផលិតផលកសិកម្មសរីរាង្គ»។

ក្រសួងកសិកម្មបានផ្តល់សិទ្ធិឲ្យអគ្គនាយកដ្ឋានកសិកម្មរៀបចំ និងអនុវត្តយន្តការគ្រប់គ្រងសម្រាប់អនុវត្តវិធានកសិកម្មសរីរាង្គ នៅក្នុងដំណើរការកែច្នៃដំណាំស្បៀង តាំងពីការលាងសំអាត រហូតដល់ការវេចខ្ចប់ផលិតផលស្រស់នាំចេញ ព្រមទាំងការប្រើប្រាស់រូបសញ្ញាជាតិ លើផលិតផលស្បៀង ដែលមានប្រភពចេញពីការអនុវត្តវិធានការកសិកម្មសេរីរាង្គកម្ពុជា។

ដោយឡែកអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានកសិ-ឧស្សាហកម្ម ត្រូវចុះពិនិត្យ និងវាយតម្លៃលើការអនុវត្តវិធានកសិកម្មសរីរាង្គ ក្នុងការផលិត និងការកែច្នៃដំណាំស្បៀង។ ក្រោយការវាយតម្លៃលើផលិតកម្ម និងការកែច្នៃដំណាំស្បៀងហើយ ក្រសួងកសិកម្មនឹងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការអនុវត្តវិធានកសិកម្មសរីរាង្គ និងអាចមានសិទ្ធិប្រើប្រាស់ស្លាកសញ្ញាលើផលិតផលរបស់ខ្លួន។ក្នុងករណីដែលម្ចាស់ផលិតផលក្លែងបន្លំស្លាកសញ្ញាលើផលិតផល នឹងត្រូវប្រឈមនឹងចាត់វិធានការតាមច្បាប់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម៕