ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អាចចាប់ផ្ដើមការចិញ្ចឹមមាន់ទាឡើងវិញជាធម្មតាបានហើយ បន្ទាប់ពីត្រូវបានក្រសួងចេញប្រកាសដាក់បំរាមមិនឲ្យចិញ្ចឹមតាំងពីខែសីហាមកដើម្បីទប់ស្កាត់ការរីករាលដាលជំងឺផ្ដាស់សាយបក្សី។

ប្រកាសលេខ៤៧៤ ប្រក.កសក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះហត្ថលេខាដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តំបន់ជំងឺផ្តាសាយបក្សី១កន្លែង នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានរំសាយ។

ក្រសួងកសិកម្មបានគូសបញ្ជាក់បន្ថែមទៀតនៅក្នុងប្រកាសរបស់ខ្លួនថា អនុញ្ញាតឱ្យចិញ្ចឹមបក្សីគ្រប់ប្រភេទឡើងវិញក្នុងតំបន់ខាងលើនោះ។ ដូច្នេះ ប្រកាសលេខ ៣៤៩ ប្រក.កសក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវទុកជានិរាករណ៍៕