ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កំពុងសិក្សាទីតាំងដើម្បីបង្កើតមជ្ឃមណ្ឌលផលិត​ពូជស្រូវមួយនៅខេត្តឧត្តរមានជ័យ ដើម្បីបង្កើនការផលិតពូជស្រូវបន្ថែមទៀត និង​ដើម្បីទុកដោះស្រាយការខ្វះខាតពូជស្រូវដែលមានគុណភាពសម្រាប់ចែកកសិករ។

លោក វេង សាខុន បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៣វិច្ឆិកានេះថា នាពេលបច្ចុប្បន្ននេះកម្ពុជាមានតែមជ្ឃមណ្ឌលផលិតពូជស្រូវមួយកន្លែងប៉ណ្ណោះ ដែលស្ថិតនៅខេត្តបាត់ដំបង និងមានស្ថានីយន៍ផលិតព្រូជស្រូវផ្សេងទៀតនៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តស្វាយរៀង និងបណ្តាខេត្តជុំវិញរាជធានីភ្នំពេញ។

លោកបន្តថា មូលហេតុដែលក្រសួងមានគម្រោងបង្កើតមជ្ឃមណ្ឌលមួយទៀតនៅខេត្តឧត្តរមានជ័យនេះ គឺជាការគិតគូរអភិវឌ្ឃន៍លើវិស័យកសិកម្មបន្ថែមទៀតនៅកម្ពុជា។

លោកថា៖«កាលមុនយើងផលិតស្រូវដើម្បីហូប ហើយឥឡូវយើងមានគម្រោងនាំចេញ។ ដល់​អ៊ីចឹងទៅ! នេះជាបរិបទថ្មីដែលសន្ទុះក្នុងការផលិតស្រូវកើនឡើង ហើយសេចក្តីត្រូវការនៃទីផ្សានោះ ក៏មានកម្រិតខ្ពស់។ អ៊ីចឹងហើយ! យើងត្រូវមានការប្រុងប្រយ័ត្នផលិត​ពូជឲ្យសុទ្ធល្អ ដើម្បីធានាគុណភាពក្នុងការនាំចេញនាពេលខាងមុខ»។

លោកបន្ថែមថា៖«ការបង្កើតមជ្ឃមណ្ឌលផលិតពូជស្រូវបន្ថែមនេះ ក៏ដើម្បីឆ្លើយតបទៅ​នឹង​វិសាលភាពនៃសេចក្តីត្រួវការធំធេង និងបរិបទនៃការផ្លាស់ប្តូអាកាសធាតុផងដែរ ។ ឧទា​ហរណ៍ដូចនៅឆ្នាំនេះ​ យើងបានត្រៀមពូជស្រូវតែ២ពាន់តោនទេ ដល់តែសេចក្តីត្រូវការ​មានដល់ ៦៥០០តោន។អីចឹងទៅ! យើងត្រូវគិតគូរអំពីអនាគតវិស័យកសិកម្មរបស់យើង​ដែរ»។

លោក វេង សាខុន ធ្លាប់បានប្រាប់សារព័ត៌មានខ្មែរណាស់កាលពីពេលថ្មីៗនេះដែរថា ក្រោយ​ពី​គ្រោះទឹកជំនន់បានធ្វើឱ្យប៉ះពាល់ស្រូវរបស់កសិករចំនួន ៣១៤ ៤០៨ ហិកតាក្នុងខេត្ត​ក្រុងចំនួន១៩មក គឺបានធ្វើឱ្យកម្ពុជាត្រូវខ្វះខាតពូជស្រូវដើម្បីចែកដល់កសិករក្នុងដាំស្ដារស្រូវឡើងវិញ និងទាមទារឱ្យនាំពូជស្រូវចូលពីប្រទេសវៀតណាមប្រហែលចំនួន​១០០​តោន។



លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យបានលើកឡើងដែរថា ការបង្កើតមជ្ឃមណ្ឌលផលិតពូជស្រូវនេះ គឺស្ថិតនៅទីតាំងឃុំពង្រ ស្រុកចុងកាល់ ដោយ​សារ​ទី​តាំងនេះ មានអំណោយផលទឹកភ្លៀង និងអាកាសធាតុល្អ និងមិនងាយបង្កឱ្យមានភាព​រាំងស្ងួត។

លោកថា៖«ការបង្កើតមជ្ឃមណ្ឌលផលិតពូជសស្រូវនេះ មិនសម្រាប់តែអ្នកខេត្តឧត្តរមាន​ជ័យនោះទេ គឺសម្រាប់ផ្គត់ផ្គត់នៅទូទាំងប្រទេស ហើយការសម្រេចបង្កើតមជ្ឃមណ្ឌលនេះបន្ថែមទៀត គឺមានគោលបំណងបង្កើនការផលិតពូជស្រូវបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការ និងបង្ការពេលខ្វះពូជស្រូវ»។

លោកបញ្ជាក់ថា ចំពោះលទ្ធភាពដែលមជ្ឈមណ្ឌលនេះអាចផលិតពូជស្រូវក្នុងមួយឆ្នាំបានប៉ុន្មាននោះ គឺមិនទាន់អាចវាយតម្លៃបាននៅឡើយទេ។

លោកថា៖«ផ្ការំដួល និងសែនក្រអូប ជាគោលបំណងរបស់ក្រសួងក្នុងការផលិតនៅក្នុង​មជ្ឃ​មណ្ឌលខេត្តឧត្តរមានជ័យនេះ។ ហើយចំពោះផ្ទៃដី ថវិកាចំណាយលើគម្រោង និងការអនុវត្តគម្រោងនេះ យើងនឹងដឹងនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីក្រសួងកសិកម្មបញ្ជាប់ការសិក្សារបស់ខ្លួន»៕

ដោយ៖ សុន មិនា​