ក្មេងស្រី២នាក់បានស្លាប់ដោយលង់ទឹកកាលពីថ្ងៃត្រង់ទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុង​រោង​ចក្រអគ្គីសនី ធ្យូងថ្ម តំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ ។នេះបើតាមការចុះផ្សាយដោយប្រតិកម្មរហ័សរបស់ខេត្តព្រះសីហនុ។

ក្មេងស្រីរងគ្រោះគឺមានអាយុ៤ឆ្នាំម្នាក់ មានស្រុកកំណើតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុក​ត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័ និងម្នាក់ទៀតអាយុ៤ឆ្នាំដូចគ្នា ដែលមានស្រុកកំណើតនៅភូមិជំរុំសៀម ឃុំស្រុកសំពៅមាស ខេត្តពោធិសាត់។

ឪពុកម្ដាយរបស់កុមារីរងគ្រោះទាំងពីរបានអះអាងថា កាលពីម៉ោង៨ព្រឹក ពួកគាត់ បាននាំគ្នាទៅធ្វើការ ដោយទុកកូនអោយនៅក្នុងរោងស្នាក់នៅ លុះប្រហែលជាម៉ោង១១ថ្ងៃត្រង់ ពេលចេញពីធ្វើការ រកកូនមិនឃើញ ក៏នាំគ្នាដើររក ទើបឃើញលង់ក្នុងថ្លុកទឹកក្បែរកន្លែងស្នាក់នៅ ដោយ ដៃក្មេងទាំងពីរកាន់ជាប់គ្នា។



ភ្លាមៗ បានបញ្ជូន ទៅមណ្ឌលសុខភាពឃុំរាម ដើម្បីសង្គ្រោះដែរ តែពេទ្យប្រាប់ថា ក្មេងទាំង២ស្លាប់ទៅហើយ។

អ្នកស្លាប់ដោយសារលង់ទឹកនៅខេត្តព្រះសីហនុបានកើនឡើងដល់៤នាក់ គិតចាប់តាំងពីថ្ងៃទី១៧កញ្ញា បន្ទាប់ពីខេត្តកើតមានជំនន់ទឹកភ្លៀងដោយសារឥទ្ធិពលព្យុះនូល។