កាលពីថ្ងៃអង្គារ៌ម្សិលមិញ លោក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានលើកថា ក្មេងស្រីខ្មែរឥស្លាមបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានរងគ្រោះដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក ត្រូវបានអាជ្ញាធរខ្មែរ សហការជាមួយអាជ្ញាធរម៉ាឡេស៊ី  និងស្ថានទូតខ្មែរប្រចាំប្រទេស​ម៉ា​ឡេស៊ី បានជួយអន្តរាគមន៍សង្គ្រោះបានជោគជ័យ និងបានបញ្ចូនត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី ២៩មករា។

ពលការិនីរងគ្រោះដោយអំពើព្រៃផ្សៃនេះមានឈ្មោះ អូស្មាន ក្រីម៉ះ ភេទស្រី អាយុ១៦ឆ្នាំ ។ បច្ចុប្បន្នកំពុងអនុវត្តវិធានចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។



កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ លោក ជីវ ផល្លី បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានអំពីស្ត្រីជនជាតិខ្មែរឥស្លាមស្លាមម្នាក់ ត្រូវបានម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ស្លឹកត្រចៀកយ៉ាងព្រៃផ្សៃនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគ្គស្នងការដ្ឋាននគរ​បាលជាតិ និងក្រោមការសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយសមត្ថកិច្ចម៉ាឡេស៊ី ដើម្បីរំដោះនារីរងគ្រោះនោះ និងបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ។

លោកបន្តថា សមត្ថកិច្ចម៉ាឡេស៊ីកំពុងស៊ើបអង្កេត ដើម្បីមានចំណាត់ការបន្តលើជនដៃ​ដល់ រីឯជនរងគ្រោះបានព្យាបាលជាសះស្បើយពីរបួស ហើយត្រូវបានបញ្ចូនមកខ្មែរវិញ។ លោកបញ្ជាក់ទៀតថា បន្ទាប់ពីក្មេងស្ត្រីនេះបានធ្វើចត្តាឡីស័ករួចរាល់ មន្រ្តីជំនាញនឹង​បើកស៊ើបអង្កេតស្វែងរកជនសង្ស័យជាមេខ្យល់នាំនារីរងគ្រោះ ទៅបម្រើការងារនៅប្រទេស​ម៉ាឡេស៊ី ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕