អង្គការសុខភាពពិភពលោកWHOបានលើកឡើងកាលពីថ្ងៃអង្គារ៍សប្ដាហ៍មុននេះថា ក្មេងប្រហែលចំនួន១សែន៦ម៉ឺននាក់នៅក្នុងប្រទេសអាហ្រ្វិកចំនួន៣ គឺប្រទេសម៉ាឡាវី ប្រទេសកេនយ៉ា និងប្រទេសហ្កាណា នឹងទទួលបានការចាក់វ៉ាក់សាំបង្ការជំងឺគ្រុនចាញ់ដំបូងគេនៅក្នុងពិភពលោក ក្រោយពីវ៉ាក់សាំនេះ ត្រូវបានរកឃើញនិងបង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រអង់គ្លេសតាំងពីឆ្នាំ១៩៨៧។

WHOបាននិយាយថា ប្រទេសម៉ាឡាវី នឹងចាប់ផ្ដើមចាក់វ៉ាក់សាំបង្ការជំងឺគ្រុនចាញ់នេះទៅក្មេងអាយុក្រោម២ឆ្នាំមុនគេ ហើយប្រទេសកេនយ៉ានិងប្រទេសហ្កាណា នឹងចាប់ផ្ដើមនៅសប្ដាហ៍បន្ទាប់ ក្រោយពីក្រសួងសុខាភិបាលប្រទេសអាហ្វ្រិកទាំង៣នេះ យល់ព្រមឱ្យប្រើប្រាស់វ៉ាក់សាំនេះ និងស្របពេលគេប៉ានប្រមាណថា វានឹងជួយការពារក្មេង៤នាក់ក្នុងចំណោម១០នាក់ កុំឱ្យកើតជំងឺគ្រុនចាញ់។

ជំងឺគ្រុនចាញ់គឺជាជំងឺឆ្លងមួយតាមរយៈការខាំរបស់មូសដែកគោលញី ហើយត្រូវបានគេប៉ានប្រមាណថា ក្នុងមួយឆ្នាំៗ បានធ្វើឱ្យមនុស្សស្លាប់ចំនួន៤សែន៣ម៉ឺន៥ពាន់នាក់។ កុមារអាយុក្រោម៥ឆ្នាំ ត្រូវបានគេចាត់ទុកថា គឺជាអ្នកប្រឈមហានិភ័យប៉ះពាល់ដល់អាយុជីវិតខ្លាំងជាងគេ ហើយបើតាមWHO បានអះអាងថា កុមារម្នាក់បានស្លាប់ដោយសារជំងឺនេះ នៅរៀងរាល់២នាទីម្ដង ហើយកុមារភាគច្រើនដែលស្លាប់ គឺស្ថិតនៅតំបន់អាហ្រ្វិកដែលមានចំនួន២៥០,០០០នាក់ជារៀងរាល់ឆ្នាំ៕