រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលោក នេត្រ ភក្ត្រា​ បាន​បញ្ជាក់ឱ្យដឹង ថា សំណល់រឹងចេញពីសំរាមក្នុងមួយថ្ងៃៗ មានប្រមាណ ២.៧០០ តោន ត្រូវបានបង្កើតឡើងនៅក្នុងរាជធានីភ្នំពេញ ដោយសារតែការ​ទុកដាក់សំរាមមិន បានត្រឹមត្រូវ។

«កំណើនសំរាមនៅក្នុងរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជននានា គឺជាក្តីកង្វល់របស់​យើងទាំងអស់គ្នា ដែលចាំបាច់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រជាពល រដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវចូលរួមគ្រប់គ្រងសំណល់ដែលខ្លួនបង្កើតឡើងឱ្យបានល្អត្រឹមត្រូវ ដើម្បីចៀស​វាងការបំផ្លាញបរិស្ថាន បំផ្លាញសោភណភាពនៅក្នុងសហគមន៍»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា បានពន្យល់ថា កំណើនសំរាមនៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំ​ជននានា ក្នុងប្រទេសកម្ពុជានៅពេលនេះ កើតឡើងដោយសារតែកំណើនប្រជាពលរដ្ឋ ការផ្លាស់ប្តូរជីវភាពរស់នៅ និងទំនៀមទម្លាប់នៃការប្រើប្រាស់ និងការវេចខ្ចប់ទំនិញ ហើយការកែច្នៃពី សំរាមនៅមានកម្រិតទាបនៅឡើយ។ កត្តាទាំងនេះ បានធ្វើឱ្យសំរាម​សំណល់រឹងមានបរិមាណ កើនឡើង។

ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់កំណើនបរិមាណសំរាម សំណល់រឹង គឺជាបញ្ហា​ចម្បង​មួយនៅក្នុងបណ្តាបញ្ហាប្រឈមនានា លើការងារគ្រប់គ្រងបរិស្ថាន នៅរាជ ធានីភ្នំពេញ និងនៅតាមទីប្រជុំជន ដែលទាមទារឱ្យមានការចូលរួមសហការ ដោះ​ស្រាយ រួមគ្នា ដើម្បីទប់ស្កាត់ កាត់បន្ថយការបំពុលបរិស្ថាន និងផលប៉ះពាល់​សុខភាពប្រជា​ពលរដ្ឋ តាមរយៈការយកចិត្តទុកដាក់លើការងារគ្រប់​គ្រងសំរាមសំ​ណល់​រឹងឱ្យបានត្រឹមត្រូវ។

លោកបន្តថា ប្រសិនបើប្រជាពល រដ្ឋចូលរួមអនុវត្តន៍វិធីសាស្ត្រញែក​សំរាមទាំង​នេះបានគ្រប់ៗគ្នា នោះអត្រាសំរាមដែលត្រូវយក ទៅចាក់ចោលមានចំនួនតិចបំផុត ហើយសំណល់ផ្សេងទៀតអាចត្រូវបានប្រើប្រាស់ និងកែច្នៃឡើងវិញ ផ្តល់ផលប្រ​យោជន៍ និងចំណូលដល់បងប្អូនប្រជាពលរដ្ឋវិញ៕

សាវតា