រូបភាពអគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC

កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ១៣ គម្រោងអភិវឌ្ឍន៍ ដែលមានទំហំទឹកប្រាក់សរុបចំនួន៧១៧,៤៣០,៨៣៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន៣៤,៧៥២កន្លែង នៅខែ សីហា ឆ្នាំ ២០១៨នេះ។ នេះបើយោងតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC។

បើតាម CDC គម្រោងនៃការវិនិយោគទាំងនោះ ផ្តោតទៅលើវិស័យសំខាន់ៗដូចជា​ រោងចក្រអំពូលភ្លើង និង​ខ្សែភ្លើងអគ្គិសនី រោងចក្រកែច្នៃផលិតផលដំឡូងមី គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ រោងចក្រកាត់ដេរសំលៀកបំពាក់ រោងចក្របង្កើតក្រដាសខ្ចប់ពីអាលុយមីញូម រោងចក្រផលិតកាបូប អគារសណ្ឋាគារលំដាប់ផ្កាយប្រាំ រោងចក្រផលិតប្រេងម៉ាស៊ូតពីសំណល់ផ្លាស្ទិក និង គម្រោងបង្កើតកសិដ្ឋានដំណាំចេកជាដើម។

ជាគោលដៅនៃការវិនិយោគទាំងអស់នេះ មានទីតាំងនៅក្នុងរាជាធានីខេត្តដូចជា​ រាជធានីភ្នំពេញ កំពង់ស្ពឺ កំពត ស្វាយរៀង ក្រចេះ និងសៀមរាប។

គួរបញ្ជាក់ថា គិតមកត្រឹមឆមាសទីមួយក្នុងឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១០៦គម្រោង ក្នុងទំហំវិនិយោគសរុបប្រមាណជា​ ៣៥០០លានដុល្លារអាមេរិក​ និងអាចបង្កើតការងារជូនប្រជាជនកម្ពុជាប្រមាណជិត១០ម៉ឺនកន្លែង៕

អត្ថបទ៖ សាវតា