
ក្រុមពលរដ្ឋនៅក្នុងឃុំទួលអំពិលស្រុកបរសេដ្ឋខេត្កកំពង់ស្ពឺបាននាំគ្នាតវ៉ាទាមទារឱ្យអាជ្ញាធរ ឈប់អនុញ្ញាតឱ្យអាជីវកម្មទឹកស្អាតមួយបូមទឹកចេញពីទំនប់មួយកន្លែង ខណៈពួកគាត់ព្រួយបារម្ភថា ការបន្តឱ្យបូមទឹកចេញពីទំបន់សម្រាប់បម្រើផលប្រយោជន៍ឯកជននេះ អាចធ្វើឱ្យបាត់បង់ធនធានត្រីនៅក្នុងទំនប់ និងធ្វើឱ្យពលរដ្ឋខ្វះទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
លោក គុយ ហឿន បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២២កុម្ភៈនេះថា លោកត្រូវបានគេដកចេញពីតំណែកជាមេភូមិសង្គ្រាមបូរណ៍នៅថ្ងៃទី១០កុម្ភៈនេះដើម្បីឱ្យមកធ្វើជាសមាជិកភូមិវិញ បន្ទាប់ពីលោកបានចូលរួមជាមួយពលរដ្ឋប្រហែល៥០គ្រួសារទៀត ដើម្បីតវ៉ាចង់ឱ្យបញ្ឈប់ការបូមទឹកចេញពីទំនប់ព្រៃពាយដែលប្រឆាំងទៅនឹងការសម្រេចពីថ្នាក់លើ។
លោកថ្លែងដូច្នេះថា«ទំនប់នេះបានផ្តល់អត្ថប្រយោជន៍ទៅដល់សហគមន៍ដល់ទៅ៣ភូមិ ដូចជាភូមិព្រៃពាយ ភូមិសង្គ្រាមបូរណ៍ និងភូមិអង្គរងាង។ តាមផ្លូវការគិតទៅទាំងបីភូមិនេះមានប្រជាជនជាង៤០០គ្រួសារដែលអាស្រ័យផលជុំវិញបឹងនេះ ដូចជាយកទឹកមកងួតឲ្យគោ ក្របី បេះព្រលិតនិងរកត្រី»។
លោកបញ្ជាក់ថា ទំនប់ព្រៃពាយ ត្រូវបានកសាងឡើងតាំងពីសម័យខ្មែរក្រហម និងមានទំហំ១៩ហិចតា និងជម្រៅ៣ម៉្រែត។ លោក គុយ ហឿន បន្តថា ក្នុងរយៈពេលជាង១ខែមកនេះ មានម្ចាស់អាជីវកម្មលផលិតទឹកស្អាតមួយ បានបូមទឹកចេញពីទំនប់នេះយកទៅចម្រោះធ្វើទឹកស្អាត ដោយសំអាងថាមានលិខិតអនុញ្ញាតពីអាជ្ញាធរថ្នាក់លើ។
លោកបញ្ជាក់ទៀតថា បន្ទាប់ពីមានការបូមទឹកពីទំនប់នេះ បានធ្វើឱ្យទំនប់ចាប់ផ្តើមរីងទឹកបណ្តើរៗ ដោយសារការបូមយកទឹកគឺមានបរិមាណលើសពីធម្មតា ហើយបានធ្វើឱ្យពលរដ្ឋបារម្ភខ្លាចមិនមានទឹកប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំ និងខ្លាចបាត់បង់សម្បត្តិធនធាននៅក្នុងទំនប់នេះ មានដូចជា ខ្ចៅ ខ្យង ត្រី ដែលពលរដ្ឋតែងរស់នៅអាស្រ័យផលតាំងពីយូរណាស់មកហើយ។
លោក លោក គុយ ហឿន បន្តថា ដំបូងម្ចាស់អាជីវកម្មទឹកស្អាតនេះមានឈ្មោះ ជា សុខលឹម បន្ទាប់មកបានផ្ទេរសិទ្ធិបន្តឲ្យអ្នកក្រោយទៀតគ្រប់គ្រង។ លោកបញ្ជាក់ថា ពលរដ្ឋមួយចំនួនត្រូវបានសាលាស្រុកកោះហៅទៅបំភ្លឺ ក្រោយពីបានចេញតវ៉ាប្រឆាំងមិនឱ្យមានការបូមទឹកចេញពីតំនប់នេះ។
លោកថា«ស្រាប់តែមានការចោទប្រកាន់ប្រជាជន ថែមទាំងមានការប្តឹងប្រជាជនទៀត ដូច្នេះប្រជាជនមានការខឹងសម្បារថាវាហួសចិត្តពេក ព្រោះខំតស៊ូតាំងពីឆ្នាំ១៩៧៩ មក តាំងពីជំនាន់ប៉ុលពតគេប្រើឲ្យជីក មានគេវាយ គេដំ គាត់នឹកឃើញអនុស្សាវរីយ៍គាត់ មិនគួរណាយកទឹកទំនប់នេះដោយមិនប្រាប់គាត់។ មកឡើងសុទ្ធតែនិយាយថាអភិវឌ្ឈណ៍ទឹកស្អាត គាត់យល់ហើយអាទឹកស្អាតនោះ ប៉ុន្តែគ្រាន់ថាមកយករបស់គាត់ដោយមិនមានច្បាប់អីផង និងថាជារបស់រដ្ឋ»។
ចំណែកលោកស្រី វន រស់នៅភូមិព្រៃពាយបានលើកឡើងដែរថា ក្រុមពលរដ្ឋមួយចំនួនបានពឹងផ្អែកលើទំនប់នេះដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ដូចជាទៅរកត្រី ដកព្រលិត និងបេះត្រកួន។ លោកស្រីបន្តថា ខាងពលរដ្ឋបានចេញតវ៉ាតាំងពីដំបូង បន្ទាប់ពីខាងអាជីវកម្មទឹកស្អាត បានចាប់ផ្ដើមប្រើគ្រឿងចក្រជីកកាយដីចេញពីក្នុងទំបន់ដើម្បីធ្វើទំនប់មានជម្រៅកាន់តែជ្រៅ ក្នុងងាយស្រួលបូមយកទឹកទៅប្រើ។
លោកស្រីថា«គេប្តឹងពួកខ្ញុំទៅសាលាឃុំ គេប្តឹងទារសំណងចិត្តពីខ្ញុំវិញ មេភូមិអត់ជួយដោះស្រាយឲ្យខ្ញុំទេ ទៅកាន់ជើងអាខាងគេ(ខាងជីកកាយដី) ហើយពួកខ្ញុំកើតទុក្ខមិនសុខចិត្តឲ្យដោះទីយោចេញ។ ពួកស្រុក ពួកខេត្តគេមក ថាបើហ៊ានប៉ះទីយោគេ ពួកពលរដ្ឋនឹងជាប់គុក»។
លោក ឈឺន សុធន អភិបាលស្រុកបរសេដ្ឋ បានបកស្រាយថា សប្បកម្មអាជីវកម្មចម្រុះទឹកស្អាត ពិតជាមានច្បាប់ត្រឹមត្រូវដើម្បីផលិតទឹកស្អាតដាក់លក់ចែកចាយតាមផ្ទះប្រជាពលរដ្ឋ។
លោកថា«ចង់រែកដូចសម័យមុនទៀតមែន គេអភិវឌ្ឃដល់ណាដល់ណីហើយ។ អ្នកប្រឆាំងមានតែ៣ ទៅ៤នាក់ទេ។ អ៊ីចឹង!បានហៅមក ព្រោះទំនប់ជាទំនប់របស់រដ្ឋ គាត់ចង់បានអី ចង់បានកម្មសិទ្ធិហ្នឹងទៅជារបស់គាត់»។
លោក អាន ភិន អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្អឺបានលើកឡើងថា ប្រសិនបើដីអាងទឹក និងដីទំនប់ វាជាដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ គឺរដ្ឋមានសិទ្ធិក្នុងការចាត់ចែង ក៏ប៉ុន្តែរដ្ឋក៏ត្រូវគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងជុំវិញតំបន់នេះដែរ៕