ខេត្តព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបាន រំពឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងមានបរិមាណកុងតឺន័រ ដែលឆ្លងកាត់​កំពង់ផែ នឹងកើនលើស ៧០០.០០០ TEUs នៅឆ្នាំ ២០២០ និងលើស១.០០០.០០០ TEUs នៅឆ្នាំ២០២៣។

លោករដ្ឋមន្រ្តីថ្លែងបែបនេះ នៅក្នុងកម្មវិធីជួបសំណេះសំណាល និង សាក​សួរសុខទុក្ខ កម្មករ កម្មការិនី បុគ្គលិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសខួបលើកទី ១៣៣ នៃទិវាពលកម្ម អន្តរជាតិ កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០១៩ នៅកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា ពិតជាមោទនភាពយ៉ាងខ្លាំង​របស់ប្រទេស​​កម្ពុជា ដោយបរិមាណទំនិញឆ្លងកាត់បានកើនឡើង​ខ្ពស់ក្នុងឆ្នាំ២០១៨​កន្លងមក ពោលគឺមានកំណើន២២.០៨ភាគរយ ធៀបនឹងឆ្នាំ២០១៧។ ចំណែកចំណូល អាជីវកម្មសរុប សម្រេចបានប្រមាណ ៧២លានដុល្លារអាម៉េរិក។

កំពង់ផែទឹកជ្រៅនេះ នឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំចំណុះ ៦ម៉ឺនតោន រហូតដល់៩៣ភាគរយ នៃចំនួននាវាប្រចាំតំបន់អាស៊ីប៉ាស៊ី ហ្វិកនៅដើម ឆ្នាំ២០២៣។ ជាងនេះទៀត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែ លំដាប់​ថ្នាក់មធ្យម ដោយបរិមាណកុងតឺន័រ ឆ្លងកាត់ នឹងលើសពី១លាន TEUs ក្នុង១ឆ្នាំ ។ រីឯតម្លៃ ដឹកជញ្ជូនតាមសមុទ្រទៅមកកម្ពុជា នឹងកាន់តែចុះទាបប្រហាក់ប្រហែល​នឹងថ្លៃដឹកជញ្ជូន តាម សមុទ្រ នៃប្រទេសជិតខាង ៕

ប្រភព៖ AKP