កសិករ​ម្នាក់ រស់នៅ​ភូមិ​កណ្តាល ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង ត្រូវ​ជ្រូកព្រៃ​វ័ធ​បណ្តាល​ឱ្យស្លាប់​ក្រោយ​បញ្ជូនមក​ផ្ទះ​ ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ​កាលពី​វេលា​ម៉ោង​៧​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ២០១៨​។​ នេះបើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារកាសែត និងគេហទំព័ររស្មីកម្ពុជាប្រចាំខេត្តកោះកុង។

 លោក​ស៊ឹម ​វ៉ា​រី ​អធិការនគរបាល​ស្រុក​ថ្មបាំង​បាន​ថ្លែងថា​ជនរងគ្រោះ ​ដែល​ត្រូវ​ជ្រូកព្រៃ​វ័ធ​ចំ​ផ្លោក​នោម​ស្លាប់ មានឈ្មោះ ស្រ៊ុន ជា អាយុ ៤៧​ឆ្នាំ មុខរបរ កសិករ​។ លោក​ថា មុន​ករណីនេះ​កើតឡើង ជនរងគ្រោះ បាន​ទៅលើ​កលប​ត្រី នៅឯ​ស្រែ​ជាមួយនឹង​កូនស្រី​ក្បែរ​ផ្ទះ​។ ស្រាប់តែ​ប្រទះឃើញ​សត្វ​ឆ្កែ​កំពុង​រត់​ដេញ​សត្វ​ជ្រូកព្រៃ​។​ពេលនោះ​ជ្រូកព្រៃ​វា​រត់​សំដៅ​មករក​ជនរងគ្រោះ រួច​សត្វ​ជ្រូកព្រៃ ក៏​វ័ធ​នឹង​ចែ​រប​ស់វា​។ ប៉ុន្តែ​ជា​សំណាងល្អ កូនស្រី​បាន​រត់​រួចខ្លួន​។​

​លោក​អធិការនគរបាល​ស្រុក​ថ្មបាំង​បានឱ្យដឹង​ទៀតថា ករណី​សត្វព្រៃ​វាយប្រហារ​មនុស្ស​ស្លាប់ បែបនេះ​យូរ​ខែ​ឆ្នាំ​ទើប​កើតមាន​ម្តង​។ ដោយ​ជាង​១០​ឆ្នាំមុន​មាន​ដំរី​ចុះ​ព្រេង​រត់​ជាន់​ក្មួយ​ស្រី​ស្លាប់​។ លោក​ស្នើឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​រាយការណ៍​មក​សមត្ថកិច្ច​ជាបន្ទាន់ ដើម្បី​ជួ​យស​ង្គ្រាះ​ទាន់ពេលវេលា​៕