ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​អ៊ីរ៉ង់​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​ថា សមា​ជិក​ម្នាក់​នៃ​បព្វ​ជិត​ដែល​អាច​តែង​តាំង​មេ​ដឹក​នាំ​កំ​ពូល​ប្រទេស បាន​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​កូវីដ​១៩​។ លោក Ayatollah Hashem Bathayi Golpayegani អាយុ​៧៨​ឆ្នាំ បាន​ស្លាប់​បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​វិជ្ជ​មាន​វីរុស​ថ្មី​បាន​២​ថ្ងៃ និង​ដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​។

លោក Golpayegani គឺ​ជា​អ្នក​តំណាង​ឱ្យ​ទី​ក្រុង​តេ​អេ​រ៉ង់​នៅ​ក្នុង​សភា ដែល​ជា​ស្ថាប័ន​ដ៏​ខ្លាំង​នៃ​ក្រុម​អ្នក​ប្រាជ្ញ​មូស្លីម​ចំនួន​៨៨​រូប ដែល​អាច​តែង​តាំង​និង​ឃ្លាំ​មើល​មេ​ដឹក​នាំ​កំពូល​របស់​អ៊ីរ៉ង់​បាន​។

យ៉ាង​ហោច​ណាស់​មាន​អ្នក​នយោ​បាយ​និង​មន្ត្រី​អ៊ីរ៉ង់​ចំនួន​១២​នាក់​ហើយ បាន​ទទួល​មរណ​ភាព​ដោយ​សារ​ឆ្លង​កូវីដ​១៩ ខណៈ​១៣​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​នេះ និង​កំពុង​ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ឬ​សម្រាក​ព្យា​បាល​។

យោង​តាម​តួ​លេខ​ផ្លូវ​ការ​បាន​ឱ្យ​ដឹង​ថា អ៊ីរ៉ង់​គឺ​ជា​ប្រទេស​កំពុង​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ក្នុង​ការ​ឆ្លង​កូវីដ​១៩ ដែល​រហូត​មក​ដល់​ពេល​នេះ បាន​ឆ្លង​ដល់​មនុស្ស​ចំនួន​១៤.០០០​នាក់ និង​អ្នក​ស្លាប់​ចំនួន​៨៥៣​នាក់ និង​បើ​គិត​ក្នុង​រយៈ​ពេល​២៤​ម៉ោង មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​១២៩​នាក់​៕

ប្រភព៖ ALJAZEERA