គម្រោងស្តីពីការអភិវឌ្ឍវិស័យកសិកម្មឱ្យមាននិរន្តរភាព តាមរយ:ការបង្កើតផ្សារបោះដុំផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធព័ត៏មានទីផ្សារ នៅកម្ពុជា ត្រូវបានលោក JEONG Yun Gilm នាយកអង្គការ KOICA (Korea International Cooperation Agency) ដាក់ជាប្រធានបទក្នុងជំនួបពិភាក្សាជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។


លោក JEONG Yun Gilm នាយកអង្គការ KOICA (Korea International Cooperation Agency) នៅខាងឆ្វេង

ក្នុងជំនួបនៅទីស្តីការក្រសួង កសិកម្ម នៅថ្ងៃទី២៣ ខែមករា លោក វេង សាខុន បាន ស្វាគមន៍ និងគាំទ្រចំពោះគម្រោងនេះ ព្រោះលោកយល់ថា វានឹងជួយរកទីផ្សារបន្លែ ផ្លែឈើឱ្យកសិករ ជាកន្លែងផ្តល់ព័ត៌មានទាក់ទងអំពីរទីផ្សារ តម្លៃ បរិមាណផ្គត់ផ្គង់ ដែលអ្នកបញ្ជាទិញត្រូវការ។ លោករដ្ឋមន្រ្តីបន្តថា ផ្សារនេះ ក៏ជាកន្លែងណាត់ជួបរវាងអ្នកបរិភោគ ឈ្នួញកណ្តាល ជាមួយអ្នកផ្គត់ផ្គង់ និងជាពិសេសវានឹងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យគុណភាព សុវត្ថិភាព អនាម័យ និងប្រភពទំនិញច្បាស់លាស់ ដើម្បីបង្កើយនូវជំនឿទុកចិត្ត និងការធានាត្រឹមត្រូវ។

យ៉ាងនេះ គម្រោងនេះ ក៏ត្រូវ ពិនិត្យ ពិចារណាឱ្យបានល្អិតល្អន់អំពីទីតាំងដែលត្រូវជ្រើសរើសសម្រាប់បង្កើតផ្សារ និងត្រូវបន្តជួបពិភសិក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជាមន្ត្រីជំនាញ វិស័យឯកជន សហគ្រាសខ្នាតតូច និងមធ្យម ដៃគូអភិវឌ្ឍ តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-និងសហគមន៍»៕