ខេត្តក្រចេះ៖ក្រុមអ្នកអភិរក្សរដ្ឋបាលជលផល អង្គការ WCS សមាជិកសហគមន៍នេសាទ និងសិស្សានុសិស្សជាច្រើននាក់ បានលែងកូនកន្ធាយក្បាលកង្កែប ឬល្មិចចំនួន ២៨៨ក្បាលតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ ។

ការលែងកូនកន្ធាយក្បាលកង្កែបទាំងនោះគឺដើម្បីជួយដល់ការរស់រៀនមានជីវិតបន្តរបស់សត្វប្រភេទនេះ និងមានសារៈសំខាន់មួយផ្នែកទៀតគឺបានផ្សព្វផ្សាយដល់សិស្សានុសិស្សនៅក្នុងតំបន់នោះឱ្យបានយល់ដឹងកាន់តែច្រើនឡើងអំពីការអភិរក្សប្រភេទកន្ធាយក្បាលកង្កែបនេះ។

កូនកន្ធាយក្បាលកង្កែបនេះ មានអាយុចន្លោះពី ២សប្តាហ៍ ដល់ ១ខែ និងត្រូវបានក្រុមការងារការពារសំបុករបស់នៃអង្គការ WCS ប្រចាំនៅ ខេត្តក្រចេះ ដែលយាមការពារនិងមើលថែទាំចាប់តាំងពីវាញាស់ចេញពីសំបុក។

សូមជម្រាបថា កន្ធាយក្បាលកង្កែប ឬល្មិចនេះ បានផុតពូជហើយនៅតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា ក៏ប៉ុន្តែ បែជាគេបានរកឃើញវត្តមានរបស់វាសាជាថ្មីឡើងវិញនៅក្នុងឆ្នាំ ២០០៧ នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។ដោយសត្វប្រភេទនេះ មានឈ្មោះក្នុងវិទ្យាសាស្ត្រថា Pelochelys cantorii ដែលបានកត់ត្រាចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជនៅលើពិភពលោក៕