រូបភាពឯកសារ៖ មេឃ​ភ្លៀង​នៅទូទាំងប្រទេស

ក្រសួងធនធានទឹកប្រកាសថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកានេះ កូនព្យុះមួយឈ្មោះ តូរ៉ាហ្គី នឹងធ្វើឱ្យតំបន់មាត់សមុទ្រកម្ពុជា មានភ្លៀងធ្លាក់លាយលំខ្យល់បោកខ្លាំង និងរលកទឹកខ្ពស់ៗ។ លើសពីនេះ ខេត្តកំពត តាកែវ និងខេត្តកំពស់ស្ពឺ នឹងអាចមានជំនន់ទឹកភ្លៀង ស្របពេល រាជធានីភ្នំពេញ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្ដាល និងខេត្តកំពង់ឆ្នាំង នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ហើយខេត្តខ្លះទៀត នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ក្រសួងធនធានទឹកបញ្ជាក់ថា អាកាសធាតុបែបនេះ ដោយសារព្យុះ តូរ៉ាហ្គី ដែលកំពុងស្ថិតនៅក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម នឹងធ្វើដំណើរឆ្លងកាត់ភាគខាងត្បួងប្រទេសកម្ពុជា មុននឹងវាថយឥទ្ធិពលវិញនៅថ្ងៃទី១៩ ខែវិច្ឆិកា៕