នៅក្នុងខែកុម្ភៈនេះ ជំងឺអុតក្តាមកំពុងផ្ទុះឡើង នៅភូមិព្រៃសំពៅ ឃុំប្រស្នឹប ស្រុករលា​ប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបណ្តាលឲ្យកូនគោចំនួន៤ក្បាលបានងាប់។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់​សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះថា មានកូនគោចំនួន៤ ក្បាលងាប់ដោយសារជំងឺអុតក្តាម និងមិនមែនជំងឺអាសន្នរោគ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។

លោកថា៖«តាមពិតនៅតំបន់ហ្នឹង ក្រុមការងារខ្ញុំចុះទៅធ្វើអន្តរាគមន៍ពាក់ព័ន្ធនឹងជំងឺ​អុតក្តាម។ នៅតំបន់ហ្នឹងមានផ្ទុះជំងឺអុតក្តាមមែន ប៉ុន្តែវាមានងាប់មែន គឺងាប់កូនគោទេដោយសារព្យាបាលអត់ទាន់ ហើយខ្សោយជាងគោធំ មិនមែនកូនគោធំនោះងាប់ទេ ព្រោះគោធំអត់ចោទជាបញ្ហាទេ»។

លោកបន្តថា កូនគោនេះចាប់ផ្ដើមងាប់ពីថ្ងៃទី១៦កុម្ភៈ ព្រោះដោយសារស្ថានភាពជំងឺ ការមិនបានដឹង ហើយការព្យាបាលមិនបានដិតដល់ទាន់ពេលវេលា  ហើយនេះករណីទី១ហើយដែលកើតជំងឺអុតក្តាមនៅឃុំប្រស្នឹបក្នុងឆ្នាំ២០២១ ហើយកន្លងមកក៏មានកើតជំងឺអុតក្តាមនេះ កើតឡើងនៅក្នុងចំនួន៦ភូមិផងដែរកាលពីឆ្នាំ២០២០។

លោក ក្រិង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានប្រាប់ដែរថា ជំងឺអុតក្តាមកើតទៅលើសត្វគោតូចៗ។ ដោយសារនៅខែនេះ កសិករលែងសត្វគោឲ្យចេញទៅស៊ីស្មៅ ហើយមិនដឹងថាគោឈឺនៅពេលណាទៀត។



លោកថា« អ៊ឹចឹង! បានងាយងាប់ ប៉ន្តែសត្វធំៗ បើកើតជំងឺអុតក្តាម មិនងាយងាប់ភ្លាម​ៗទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ត្រូមានការថែទាំឲ្យបានដិតដល់ពីម្ចាស់សត្វដែរ»។

លោកបានបន្តថា ជំងឺអុតក្តាមនេះគឺងាយស្រួលក្នុងការព្យាបាល ដោយគ្រាន់តែប្រើក្រូច​ឆ្មារក្នុងការលាងដំបៅ ហើយកន្លងមក មន្ត្រីពាក់ព័ន្ធក៏បានចូលរួមផ្សព្វផ្សាយពីជំងឺនេះ។

លោកថា«គោលការណ៍របស់យើងពេលដែលមាន ទី១ពេលដែលមានសត្វឈឺបែបនេះ ខាង​ខ្ញុំទៅពន្យល់ផ្សព្វផ្សាយពួកគាត់មិនឲ្យពួកគាត់លែងគោនោះទេ ឲ្យគាត់ថែគោនៅតាមក្រោល ហើយដាក់ទឹកវាឲ្យបានគ្រាប់គ្រាន់ ហើយបើមានឈឺយើងព្យាបាលជូនគាត់ សំខាន់ពួកគាត់ត្រូវសហការគ្នាក្នុងសហគមន៍»។

លោកបានបន្ថែមទៀតថា ជំងឺអុតក្តាមនេះ គឺឆ្លងពីសត្វគោទៅសត្វគោ មិនឆ្លងដល់មនុស្សនោះទេ។

ជំងឺអុតក្តាម ជាជំងឺឆ្លងរាលដាលយ៉ាងលឿន និងធ្ងន់ធ្ងរមួយប្រភេទ ដែលកើតមានឡើងលើបសុសត្វ ជាពិសេសពពួកសត្វដែលមានក្រចក ដូចជាសត្វគោ ក្របី និងជ្រូក ជាដើម។ ជំងឺអុតក្តាមបង្កឡើងដោយវីរុស Aphthovirus ដែលធ្វើឲ្យសត្វគ្រុនក្តៅមានពងបែកនៅលើអណ្តាត មាត់ និងគល់ក្រចកជើង។ នេះបើយោងតាមអង្គការពិភពលោកដើម្បីសុខភាពសត្វ (World Organization for Animal Health)៕