កុំព្យូទ័រម៉ាក គម្ពីរ ដែលបង្កើតឡើងដោយស្នាដៃយុវជនខ្មែរចំនួនមួយពាន់គ្រឿង បានដាក់លក់ជាផ្លូវការហើយ បន្ទាប់ពីកុំព្យូទ័រនេះត្រូវគេធ្វើពិធីសម្ពោធឱ្យសាធារណៈជនស្គាល់នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

យុវជន ធុល រិទ្ធី សហស្ថាបនិកមួយរូបនៃក្រុមហ៊ុន SmallWorld និងជាអ្នកដឹកនាំបង្កើតកុំព្យូទ័រម៉ាកគម្ពីរ បញ្ជាក់ថា អតិថិជនអាចរកទិញកុំព្យូទ័រម៉ាកគម្ពីរបាន តាមរយៈគេហទំព័រ Koopi.com ហើយក្នុងមួយគ្រឿង គឺមានតម្លៃចំនួន៣៦៩ដុល្លារសហរដ្ឋអាមេរិក។ លោកបន្តថា ថវិកាទទួលបានពីការលក់កុំព្យូទ័រម៉ាកគម្ពីរក្នុងជំហានដំបូងនេះ នឹងយកទៅធ្វើកុំព្យូទ័រដើម្បីលក់បន្ថែមទៀត។

កុំព្យូទ័រម៉ាកគម្ពីរយួរដៃនេះ គឺមានល្បឿនលឿន ដោយសារដំណើរការដោយប្រព័ន្ធប្រតិបត្តិការថ្មីបំផុតឈ្មោះថា Kroma OS និងមានអង្គចងចាំ(RAM) រហូត៨GB ថាសផ្ទុកឯកសារប្រភេទល្បើនលឿន SSD ទំហំ ១២៨ GB និងជម្រើស 256 GB ដែលប្រើប្រាស់ CPU Inter® Celeron® N4100 Processo។

យុវជន ធុល រិទ្ធី អះអាងដែរថា ការងារខាងមុខ ក្រៅពីខិតខំធ្វើឱ្យកុំព្យូទ័រគម្ពីរកាន់តែទំនើប ក្រុមលោកក៏នឹងបន្តស្រាវជ្រាវទៀត ដើម្បីបង្កើតឱ្យមានទូរស័ព្ទប្រភេទថ្មីដែលជាស្នាដៃរបស់យុវជនខ្មែរ ប៉ុន្តែពេលនេះ លោកមិនទាន់អាចបញ្ជាក់ពិស្ដារជុំវិញការបង្កើតទូរស័ព្ទប្រភេទថ្មីនេះបាននៅឡើយទេ៕