ជំងឺដំបៅក្រពះ ជាជំងឺនៃការបាត់នូវស្រទាប់កោសិកានៃក្រពះ។ វាបណ្ដាលមកពីការបាត់លំនឹងនៃស្រទាប់ការពារនៃក្រពះ និងការបញ្ចេញនូវអាស៊ីតក្រពះ។ ជំងឺនេះអាចធ្វើអោយអ្នកជំងឺសំរាកពេទ្យ មិនអាចធ្វើការងារបាន និងអាចធ្វើអោយបាត់បង់អាយុជីវិត។ ការស្វែងយល់ពីជំងឺនេះ អាចជួយអោយយើងទប់ស្កាត់នូវផលវិបាកនៃជំងឺដំបៅក្រពះ ។

ក) មូលហេតុចំបង ២ ដែលអាចអោយមានដំបៅក្រពះ៖ 
១) មេរោគក្រពះ (មេរោគ Helicobater Pylori):
មានច្រើនទៅលើប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ ដោយប្រទេសទាំងនេះ ភាពមានអនាម័យនៅមានកំម្រិតនៅឡើយ ដែលអាចឆ្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ពេលដែលអ្នកជំងឺបរិភោគអាហារដែលមានមេរោគនេះចូលទៅក្នុងក្រពះ មេរោគនោះនឹងទំនៅលើកោសិកាក្រពះ បន្ទាប់មកវាធ្វើអោយមានការបញ្ចេញនូវអាស៊ីតក្រពះជាច្រើន និងធ្វើអោយមានការរលាកក្រពះ ដែលយូរៗទៅធ្វើអោយមានជាដំបៅក្រពះ។ បើមិនមានការព្យាបាលអោយបានត្រឹមត្រូវទេនោះ វាអាចបង្កអោយមានជំងឺមហារីកក្រពះ។
២) ថ្នាំឈឺសន្លាក់:
ការប្រើថ្នាំឈឺសន្លាក់ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ អាចធ្វើអោយមានបញ្ហាដំបៅក្រពះ ព្រោះថ្នាំនេះធ្វើអោយស្រទាប់ការពារកោសិកាក្រពះថយចុះ ដែលអាចអោយអាស៊ីតក្រពះបំផ្លាញនូវស្រទាប់កោសិការបស់ក្រពះ។ បើអ្នកជំងឺដំបៅក្រពះនៅតែបន្តប្រើថ្នាំនេះទៀត នឹងអាចធ្វើអោយមានការហូរឈាមក្រពះ ឬធ្លាយក្រពះដែលអាចធ្វើអោយអ្នកជំងឺបាត់បង់ជីវិត បើមិនបានព្យាបាលអោយបានត្រឹមត្រូវ។

ខ) រោគសញ្ញា៖
ជាទូទៅជំងឺនេះស្តែងចេញនូវអាការៈដូចខាងក្រោមៈ
– ឈឺចាប់ពោះផ្នែកចុងដង្ហើម ឬផ្នែកខាងស្តាំខាងលើ
– ឈឺចាប់នៅផ្នែកខាងខ្នង ឬបោះដៃផុត
– ឈឺនៅពេលឃ្លាន ហើយថយការឈឺចាប់ពេលទទួលទានអាហាររួចហើយ
– អាចមានការក្អួតចង្អោរ
– មានអារម្មណ៏ថាពិបាកក្នុងការរំលាយអាហារ
អ្នកជំងឺអាចមានមេរោគសញ្ញា ឬគ្មានរោគសញ្ញា ជួនកាលអ្នកជំងឺអាចដឹងថាមានបញ្ហាដំបៅក្រពះ ដោយសារមានផលវិបាកដូចជា ការហូរឈាម ឬការធ្លាយក្រពះ ។

គ) ការធ្វើរោគវិនិច្ឆ័យ៖
ការឆ្លុះក្រពះ (Gastroscopy) ជាវិធីដ៏ល្អក្នុងការធ្វើរោគវិនិច្ឆ័យជំងឺដំបៅក្រពះ ហើយអាចច្រឹបយកបំនែកតូចនៃកោសិកាត្រង់ដំបៅក្រពះ ឬកោសិកាល្អដើម្បីធ្វើការវិភាគកោសិកានោះ ថាជាដំបៅក្រពះធម្មតា ឬដំបៅមហារីក ហើយអាចរកមេរោគក្រពះទៀតបានដោយមិនមានគ្រោះថ្នាក់អ្វីនោះទេ។ អ្នកជំងឺអាចធ្វើការឆ្លុះក្រពះ ដោយមិនដាក់ថ្នាំសណ្តំ ឬដាក់ថ្នាំសណ្តំ ។

ឃ) ផលវិបាកនៃជំងឺដំបៅក្រពះ មាន ២ ធំៗ៖
– ការហូរឈាមក្រពះ: ស្តែងឡើងដោយមានការក្អួតឈាម, បន្ទោរបង់លាមកមានឈាមខ្មៅ, ស្លេកស្លាំង, វិលមុខ ។ល។ ក្នុងករណីនេះ អ្នកជំងឺត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឃាត់ឈាមដែលហូរ តាមរយៈការឆ្លុះក្រពះ ហើយប្រើថ្នាំ និងបញ្ចូលឈាមអោយបានត្រឹមត្រូវ។
– ការធ្លាយក្រពះ: អ្នកជំងឺមានអាការៈដូចជា ឈឺចាប់ខ្លាំង, អត់ផោម, អត់បន្ទោរបង់, ពេលស្ទាបពោះមានសភាព រឹងដូចឈើ។ អ្នកជំងឺត្រូវមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវជាមុន នឹងធ្វើការវះកាត់ជាបន្ទាន់ ព្រោះអ្នកជំងឺអាចស្លាប់ភ្លាមៗ បើមិនបានព្យាបាលអោយបានត្រឹមត្រូវនិងទាន់ពេលវេលានោះទេ។

ក្រុមការងារថែទាំព្យាបាលឯកទេសផ្នែកក្រពះ ថ្លើម និងពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត សំណូមពរលោក លោកស្រីមេត្តាយកចិត្តទុកដាក់ និងតាមដានសុខភាពរបស់លោកអ្នកជាប់ប្រចាំ ដោយអញ្ជើញមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញកុំខាន ករណីមានរោគសញ្ញាខាងលើ។

អត្ថបទ៖ មន្ទីរពេទ្យកាល់ម៉ែត្រ