កន្លងមកតែងមានការយល់ច្រលំមួយចំនួនថា បញ្ហាដេកមិនគ្រប់គ្រាន់និងជំងឺបេះដូង គឺមិនអាចជាប់ពាក់ព័ន្ធគ្នាឡើយ។ ប៉ុន្តែវេជ្ជបណ្ឌិតផ្នែកបេះដូង លោក Peter Ting  នៃមជ្ឈមណ្ឌលអ្នកជំនាញ StarMed ក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា  បញ្ហាដេកមិនគ្រប់គ្រាន់និងជំងឺបេះដូង គឺជាមិត្តដ៏ស្និទ្ធស្នាលបំផុត។

ត្រង់ន័យនេះលោកចង់ពន្យល់ថា ជំងឺដាច់សរសៃឈាមបេះដូង​ ជំងឺដាច់សរសៃឈាមខួរក្បាល​ លើសឈាម និងចង្វាក់បេះដូងដើរខុសពីប្រក្រតី គឺមានទំនាក់ទំនងដ៏ខ្លាំងក្លាជាមួយបញ្ហាដេកមិនគ្រប់គ្រាន់។ លោកអះអាងថា  បច្ចុប្បន្ននៅក្នុងប្រទេសសិង្ហបុរី ជាទូទៅ បញ្ញាដេកមិនគ្រប់គ្រាន់ឬការដេកមានការរំខាន គឺមានការកើនឡើង ហើយវាសារសំខាន់ណាស់ក្នុងការរកឱ្យឃើញអ្នកមានជំងឺបេះដូងទាំងអស់ដែលបង្កឡើងពីការដេកមិនគ្រប់គ្រាន់ ហើយធ្វើប្រាដកថា អ្នកជំងឺទាំងនោះ ទទួលបានការព្យាបាលពេញលេញដើម្បីធ្វើឱ្យបេះដូងសះស្បើយវិញ។

រីឯការចុះផ្សាយរបស់គេហទំព័រសុខភាពរបស់សាកលវិទ្យាល័យ Harvard  ក៏បានបញ្ជាក់ស្រដៀងគ្នាថា មានភស្ដុតាងដ៏ជាក់ច្បាស់ដែលបង្ហាញថា ជំងឺបេះដូងបាននាំឱ្យមានការដកដង្ហើមបានខ្លីៗនៅពេលដេកលក់ ហើយបញ្ហានេះកើតឡើងដោយសារតែខួរក្បាលមិនបានបញ្ជូនសញ្ញាឱ្យបានត្រឹមត្រូវទៅកាន់សាច់ដុំ ដែលគ្រប់គ្រងផ្លូវដង្ហើម។ ការចុះផ្សាយនេះបន្តថា បញ្ហាជាច្រើនដទៃទៀតដែលបញ្ហាបេះដូងធ្វើឱ្យរំខានដំណេក ដូចជា ការឈឺដោះ និងបេះដូងដើរញាប់ៗ កន្ត្រាក់ ឬដើរខុសប្រក្រតី។

លើសពីនេះ ការដេកមិនគ្រប់គ្រាន់ ក៏បានធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ ត្បៀតសរសៃឈាមឬកកឈាម បេះដូងចុះខ្សោយ គាំងបេះដូង  ដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និងជំងឺធាត់ជាដើម។

ការដេកឱ្យបានគ្រប់គ្រាន់ គឺក្នុងមួយយប់ឱ្យបានយ៉ាងហោចណាស់ជាង៧ម៉ោង ឬគួរកំណត់ម៉ោងរោទិ៍ នៅពេលគិតថា លោកអ្នកបានដេកគ្រប់ចំនួន៨ម៉ោងក្នុងមួយយប់៕

ប្រភព៖ Channel NewsAsia