(ភ្នំពេញ)៖ អ្នកលេងគុនខ្មែរជួរមុខនៅកម្ពុជា ម៉ន សាម៉េត អាចនឹងត្រូវផ្អាកការប្រកួតរយៈពេលមួយខែពេញ ដោយសាររងរបួសបែកក្បាលដេររហូតទៅដល់៣២ថ្នេរ បន្ទាប់ពីតតាំងលើសង្វៀនជាមួយកីឡាករកំពូលលេងកែវ វៀត ប៊ុនឌឿន នាពេលថ្មីៗនេះ ។

ថ្លែងប្រាប់សារព័ត៌មានខ្មែរណាស់តាមរយៈទូរស័ព្ទ អ្នកលេងគុនខ្មែរដើមកំនើតនៅភូមិចុងព្រែក ម៉ន សាម៉េត លើកឡើងថា នេះជាប្រវត្តិសាស្រ្តលើកទី០១ហើយសម្រាប់ខ្លួន ក្នុងការប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពោលគឺមិនដែលបែកធំខ្លាំងបែបនេះនោះទេ។ កូនសិស្សក្លឹបកងចក្ររាជសីហ៍នៃសមាគមន៍កីឡាក្រសួងមហាផ្ទៃរូបនេះបន្តលើកឡើងថា ក្រោយពីជារបួសទៅ សាម៉េត ជ្ញានឹងខិតខំប្រឹងប្រែងហ្វឹកហាត់ទ្វេរដង ជាពិសេសពង្រឹងស្នៀតប្រយុទ្ធឱ្យកាន់តែខ្លាំងជាងនេះ នឹងពុំមានការធ្វេរប្រហែសបន្តទៀតនោះទេ។

សាម៉េតលើកឡើងដូច្នេះថា៖”បាទបង របួសខ្ញុំបែក៣២ថ្នេរប្រហែលអាចនឹងត្រូវសម្រាករយៈពេលមួយខែ ទើបអាចឡើងប្រកួតវិញបាន សម្រាប់ខ្ញុំផ្ទាល់នេះគឺជាប្រវត្តិសាស្រ្តលើកទី០១ហើយ ខ្ញុំមិនដែលគិតថាបែកដល់ថ្នាក់ហ្នឹង តែក្រោយពីជារបួសខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឡើងវិញ”។



យ៉ាងណាមិញ អ្នកលេងគុនខ្មែររូបនេះ ក៏បានថ្លែងអំណរគុណដល់សប្បុរសជន និងអ្នកគាំទ្រប្រដាល់គុនខ្មែរជាច្រើនរូប ដែលបានផ្ដល់កម្លាំងចិត្ត និងបានជួយជាថវិកាខ្លះ ដើម្បីព្យាបាលមុខរបួស អំឡុងពេលផ្អាកការប្រកួតរយៈពេលមួយខែនេះផងដែរ។

គួរបញ្ជាក់ថា ម៉ន សាម៉េត ជាអ្នកលេងគុនខ្មែរដែលមានបទពិសោធន៍ជោគជាំទាំងសង្វៀនក្នុងស្រុក និងក្រៅស្រុក ក្រោយពីចាប់ផ្ដើមប្រឡូកអាជីពមួយនេះនាអំឡុងឆ្នាំ២០០៥។ កីឡាករ ម៉ន សាម៉េត មានប្រវត្តិប្រកួតចំនួន១៣៧ដង ឈ្នះ៩៧ដង ចាញ់៣៥ដង ស្មើ៥ដង និងធ្លាប់ផ្ដួលដៃគូប្រកួតឲ្យសន្លប់ចំនួន៣៤ដង សព្វថ្ងៃហាត់នៅក្លឹបកងចក្ររាជសីហ៍នៃសមាគមន៍ក្រសួងមហាផ្ទៃ ជាកូនសិស្សរបស់លោកគ្រូម៉ាន ម៉ន៕