មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានប្រមូលកាំភ្លើង​មកពីកន្លែង​​ផ្សេង​​ៗប្រមាណ២ម៉ឺនដើម មកកែច្នៃធ្វើជារូបភាពផ្សេងៗ ដូចរូបសត្វដំរី ដើមឈើ រថក្រោះ ផែនទី នាឡិកា ដើម្បីដាក់តាំងនៅសារមន្ទីរសន្តិភាពសកម្មភាព​កម្ចាត់មីន​នៅ​​ខេត្តសៀម​រាប គោលបំណងឱ្យយុវជន និងក្មេងៗជំនាន់ក្រោយបាន​សិក្សាឈ្វេង​យល់​ពីកម្ពុជា ដែលបានជួបសោកនាដកម្មនៅក្នុងសម័យសង្គ្រាមកន្លងមក។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាបាន ប្រាប់អ្នក​​សារ​ព័ត៌មាន ក្នុងពេលប្រតិភូមិកិច្ចប្រជុំសន្និសីទកំពូលលើកទី១៦ ទៅទស្សនកិច្ច នៅសារមន្ទីរសន្ដិភាពសកម្មភាពកម្ចាត់មីនថា ការរចនាកាំភ្លើងខូចគុណភាពនេះ បានធ្វើឡើងប្រហែល៣សប្ដាហ៍មកហើយ ដោយស៊ីម៉ាក់បានយកសំណាកកាំភ្លើង ដែលអស់​គុណភាពប្រមាណ២ម៉ឺនដើម មកកែច្នៃជារូបសត្វ និងវត្ថុផ្សេងៗ​ដើម្បីរក្សា​ទុកនៅក្នុងសារមន្ទីរសន្ដិភាព សកម្មភាពកម្ចាត់មីននៅខេត្តសៀមរាប។

លោកបានបញ្ជាក់ថា សត្វដំរីមួយត្រូវបានរចនាពីកាំភ្លើងខូចគុណភាពជិត ៥០០០ ដើម ផលិតបានដំរីចំនួន៣ក្បាល ដែលជាសិល្បៈផ្សាគ្រាប់ និងកាំភ្លើងធ្វើជាដំរី ខណៈដែល ២ក្បាលទៀតច្នៃមកពីគ្រាប់ផ្សេង ដែលបាន និងកំពុងដាក់​រក្សាទុកក្នុងសារមន្ទីរ​នោះ​​ដែរ​។ រូប ដំរីទាំងនេះនឹងឈរបង្ហាញយុវជនជំនាន់ក្រោយៗឱ្យបានយល់ពីកម្លាំង និង​​សម្ភារនៃ ទម្រង់អំពើហិង្សានៃសង្គ្រាមស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជានេះ។ ដំរីទាំង​៣នេះមាន ឈ្មោះថា ដំរីសន្តិភាពអាវុធធន់ស្រាល៕