ដេប៉ូប្រេងឥន្ទនៈមួយកន្លែង ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញភាពមិនប្រក្រតីជាលើកទីពីរ ហើយត្រូវឈមមុខតាមផ្លូវច្បាប់។

មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នឹងស្នើសុំផ្អាកការធ្វើអាជីវកម្មរបស់ដេប៉ូប្រេងឥន្ទនៈមួយកន្លែង ស្ថិតក្នុងខណ្ឌមានជ័យ ឈ្មោះ ដេប៉ូតេលាអ័រគីដេ ៩៩៩៩ ដោយសាររកឃើញនៅភាពមិនប្រក្រតីជាលើកទីពីរ បន្ទាប់ពីក្រុមការងារអគ្គនាយកដ្ឋាននេះ ចុះពិនិត្យនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ បើតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល ដេប៉ូតេលាអ័រគីដេ ៩៩៩៩ មិនអនុលោមភាពផ្នែកបរិមាណដដែល ហើយបានកសាងឯកសារបញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវវិធានការចំនួន ២ ដើម្បីអនុវត្ត : ភាពមិនប្រក្រតីដែលត្រូវបានរកឃើញលើកទី១ រួមមានកម្រិតលំអៀងលើបរិមាណលក់ចេញ និងកម្រិតគុណភាពអុកតាន (Octane) តម្រូវឱ្យម្ចាស់ស្ថានីយ/ដេប៉ូ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីឡើងវិញ។ ទន្ទឹមនេះនឹងមានផ្សព្វផ្សាយ ឈ្មោះស្ថានីយ/ដេប៉ូប្រេងឥន្ធន:ដែលមិនប្រក្រតីនោះ តាមបណ្តាញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ។ ក្នុងករណីស្ថានីយ/ដេប៉ូដដែលមានភាពមិនប្រក្រតីជាលើកទី ២ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងស្នើសុំក្រសួង ពាណិជ្ជកម្ម ធ្វើការព្យួរអាជ្ញាប័ណ្ណផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។