មន្រ្តី​ជាន់​ខ្ពស់​របស់​សហ​រដ្ឋ​អា​មេ​រិក​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​សាក​ល្បង​វ៉ាក់​សាំង​ការពារ​នឹង​វីរុស​កូវីដ​១៩​លើក​ដំបូង​បង្អស់​នៅ​លើ​មនុស្ស បាន​ចាប់​ផ្ដើម​ហើយ​នៅ​ល្ងាច​នៅ​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ​។

អ្នក​ចូល​រួម​ចំនួន​៤៥​នាក់​នៅ​ទី​ក្រុង​ស៊ី​ថល នឹង​ទទួល​បាន​ការ​ធ្វើ​តេស្ត​នេះ ថា​តើ​វ៉ាក់​សាំង​នោះ​អាច​មាន​សុវត្ថិ​ភាព​ពី​វីរុស​កូវីដ​១៩​ដែរ​ឬ​ទេ ខណៈ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នេះ ដែល​មាន​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ ដល់​៥៥​ឆ្នាំ គឺ​គ្មាន​នរណា​ម្នាក់​ឆ្លង​វីរុស​នេះ​នៅ​ឡើយ​ទេ​។

ការ​សាក​ល្បង​បន្ថែម​ទៀត​ ត្រូវ​បាន​គ្រោង​ទុក​ប្រសិន​បើ​វ៉ាក់​សាំង​មាន​សុវត្ថិ​ភាព​។

ក្រុម​ហ៊ុន​ឱសថ​និង​សាកល​វិទ្យា​ល័យ​រាប់​សិប​កន្លែង​នៅ​ទូ​ទាំង​ពិភព​លោក កំពុង​ប្រជែង​គ្នា​ដើម្បី​បង្កើត​វ៉ាក់​សាំង​កូវីដ​១៩ ហើយ​ក្រុម​មន្រ្តី​អា​មេ​រិក​ដឹក​នាំ​ការ​ធ្វើ​តេស្ដ​នេះ​ បាន​ព្រមាន​រួច​ហើយ​ថា ការ​ផលិត​វ៉ាក់​សាំង​បាន​សម្រាប់​ប្រើ​ប្រាស់​របស់​ប្រជា​ជន​រាប់​លាន​នាក់ គឺ​អាច​នឹង​ចំណាយ​រយៈ​ពេល​មួយ​ឆ្នាំ ដែល​នេះ​មាន​ន័យ​ថា​ មនុស្ស​រាប់​ពាន់​នាក់​ទៀត​នឹង​ត្រូវ​ស្លាប់​ក្នុង​ពេល​នេះ​ដោយ​សារ​កូវីដ​១៩​។

អង្គ​ការ​សុខ​ភាព​ពិភព​លោក​និយាយ​ថា ការ​ធ្វើ​តេស្ដ​វ៉ាក់​សាំង​ការ​ពារ​វីរុស​កូវីដ​១៩​ចំនួន​៣៥ កំពុង​តែ​ចាប់​ផ្ដើម ក្នុង​នោះ​រួម​ទាំង​ការ​បង្កើត​រួម​គ្នា​មួយ​របស់​រដ្ឋា​ភិ​បាល​សហ​រដ្ឋ​អា​មេ​រិក​។

មន្ត្រី​ម្នាក់​បាន​បង្ហើប​ឱ្យ​ដឹង​ថា អ្នក​ស្ម័គ្រ​ចិត្ត​ដំបូង នឹង​ទទួល​បាន​វ៉ាក់​សាំង ក្នុង​ការ​សាក​ល្បង​ដំណាក់​កាល​ទី​១ នៅ​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ ខណៈ​លទ្ធ​ផល​ការ​ធ្វើ​តេស្ដ​អាច​ដឹង​ច្បាស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​៕

ប្រភព៖ Daily Mail