ការសិក្សាស្រាវជ្រាវមួយនៅរដ្ឋកាលីហ្វ័រញ៉ា(California) សហរដ្ឋអាមេរិកមួយបានបង្ហាញថា ក្រុមម្ដាយដែលអាចបំបៅដោះទារករបស់ខ្លួនក្នុងរយៈពេលកាន់តែយូរតាមដែលអាចធ្វើបាន គឺពួកគេអាចប្រឈមនឹងហានិភ័យតិចតួចអំពីការកើតមានជំងឺទឹកនោមផ្អែម។

ការសិក្សាថ្មីនេះ ក្រុមអ្នកស្រាវជ្រាវបានតាមដានទិន្នន័យម្ដាយចំនួន១,២៣៨ នាក់ ដែលពុំកើតមានជំងឺទឹកនោមផ្អែម ហើយក្នុងរយៈពេល២៥ឆ្នាំក្រោយមក គឺមានចំនួន១៨២នាក់ បានកើតជំងឺទឹកនោមផ្អែម។ បើប្រៀបធៀបម្ដាយដែលមិនបានបំបៅដោះកូនទាល់តែសោះ គឺក្រុមម្ដាយដែលបានបំបៅដោះកូនយ៉ាងហោចណាស់បានរយៈពេល៦ខែ គឺមានតិចជាង៤៨ភាគរយ ដែលបានកើតជំងឺទឹកនោមផ្អែម។

ការរកឃើញបង្ហាញបន្តថា ក្នុងចំណោមស្រ្ដីមិនបានបំបៅដោះកូនទាល់តែសោះចំនួន១,០០០នាក់ គឺមាន១០នាក់កើតជំងឺទឹកនោមផ្អែមជារៀងរាល់ឆ្នាំ ហើយក្នុងចំណោមស្រ្ដីបំបៅដោះកូនបានរយៈពេល៦ខែ ចំនួន១,០០០នាក់ គឺមានអ្នកកើតជំងឺទឹកនោមផ្អែម៧នាក់។ សម្រាប់ស្រ្ដី១,០០០នាក់ ដែលបានបំបៅដោះកូនបានរយៈពេលជាង១ឆ្នាំ គឺកើតមានជំងឺទឹកនោមផ្អែមចំនួន៤នាក់។

ទោះជាយ៉ាងណា ការសិក្សាមិនបានបញ្ជាក់អំពីការបំបៅដោះកូនយូរ ដែលអាចជួយទប់ស្កាត់កើតមានជំងឺទឹកនោមផ្អែមនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ការបំបៅដោះកូនក្នុងរយៈពេលយូរដែលអាចធ្វើបាន គឺបានពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យកើតមានជំងឺទឹកនោមផ្អែម។

ប៉ុន្តែក្រៅពីការសិក្សានេះ អ្នកជំនាញក៏ធ្លាប់បានជំរុញឱ្យម្ដាយ គួរបំបៅដោះយ៉ាងហោចណាស់ ទារកមានអាយុ៦ខែ ព្រោះអាចជួយទារក ពីការកើតជំងឺថ្លង់ ជំងឺឆ្លងផ្លូវដង្ហើម ជំងឺស្លាប់ ជំងឺអាឡែរហ្សីផ្សេងៗ ជំងឺលើសឈាម និងជំងឺទឹកនោម។ រីឯការស្រាវជ្រាវកន្លងមក ក៏ធ្លាប់បានណែនាំអ្នកម្ដាយ គួរបន្តបំបៅដោះកូន លើសពី៦ខែ រឺអាចបានមួយឆ្នាំ ព្រោះអាចកាត់បន្ថយកើតមានជំងឺបាក់ទឹកចិត្ត ជំងឺលើសឈាម និងជំងឺមហារីក៕

ប្រភព៖ Channel NewsAsia