ការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា និងអង្គការសុខភាពពិភលោក បានបង្ហាញថា មានក្រុមហ៊ុនថ្នាំជក់ជាច្រើន បានធ្វើរំលោភច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលថ្នាំជក់។​

លោក កៅ សុវណ្ណតារា សាស្រ្ដាចារ្យនៅដេប៉ាតឺម៉ង់ខាងផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
និងជាអ្នកដឹកនាំការស្រាវជ្រាវ បានថ្លែងនៅថ្ងៃទី០១ វិច្ឆិកា នៅសិក្ខាសាលាស្ដីពីថ្នាំជក់ថា ទោះបីជាមានច្បាប់ហាមមិនឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្ម
អំពីថ្នាំជក់ក្ដី ប៉ុន្តែនៅតែមានក្រុមហ៊ុនលក់ថ្នាំជក់ជាច្រើន បានបំពានច្បាប់នេះ។

លោកបន្តថា ក្រុមហ៊ុនថ្នាំជក់ បានប្ដូរពីការផ្សព្វផ្សាយពាណិជ្ជកម្មបារីនៅតាមទូរទស្សន៍ឬផ្ទាំងបដានានានៅតាមដងផ្លូវ ដោយមកធ្វើការផ្សព្វផ្សាយតាមរយៈការផ្ដល់រង្វាន់ទៅឱ្យអ្នកលក់ទៅវិញ ដើម្បីជំរុញឱ្យការលក់បារីកាន់តែមានសន្ទុះកើនឡើង។

លោកថា« ដើម្បីផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ និងជំរុញការលក់នេះឱ្យមានសន្ទុះកាន់តែខ្លាំង ស្ទើរតែគ្រប់ហ៊ុនថ្នាំជក់ទាំងអស់ក្នុងប្រទេសកម្ពុជា បានផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកលក់បារី ដូចជាប្រាក់ ឧបត្ថម្ភសម្ភារប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ និងការលើកទឹកចិត្តផ្សេងៗទៀត។ ៨៥% នៃអ្នកលក់បារី បានទទួលរង្វាន់ទាំងអស់នេះ ពីក្រុមហ៊ុន ដើម្បីជាថ្នូរនឹងការផ្សព្វផ្សាយពាណិជ្ជកម្មបារី និងការតាំងកញ្ចប់បារីឱ្យមានភាពទាក់ទាញសម្រាប់អ្នកជក់»។

កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលថ្នាំជក់ ដោយបានហាមការផ្សព្វផ្សាយពាណិជ្ជកម្មថ្នាំជក់ និងផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយក្រុមហ៊ុនថ្នាំជក់។

លោក វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្រ្តីតំណាងអង្គការសុខភាពពិភលោកបញ្ជាក់ថា មានតែវិធានការផាកពិន័យប៉ុណ្ណោះ ទើបច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលថ្នាំជក់ ត្រូវបានគេគោរពតាមមានប្រសិទ្ធិភាព។

លោកថា« ខ្ញុំលឺថា ខាងក្រសួងសុខាភិបាលនឹងមានក្រុមអធិការកិច្ច ដើម្បីចុះអនុវត្តការផាកពិន័យចំពោះក្រុមហ៊ុនបារី ដែលធ្វើបំពានច្បាប់គ្រប់គ្រងផលិតផលថ្នាំជក់ ចាប់ពីឆ្នាំ២០១៨នេះទៅហើយ»។

ការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ បានធ្វើឡើងតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ព្រោះជាទីប្រជុំជនដែលមានចរាចរណ៍លក់បារីច្រើនជាងគេ៕