ការស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកដែលពាក់វ៉ែនតាគឺជួយការពារមិនឱ្យឆ្លងជំងឺ​កូវីដ​១៩បាន២ទៅ៣ដង។ អ្នកស្រាវជ្រាវឥណ្ឌាបានសិក្សាលើអ្នកជំងឺកូវីដចំនួន៣០៤នាក់ដែលមានទម្លាប់ពាក់វ៉ែនតា ត្រូវបានពិនិត្យតាមរយៈកម្រងសំណួរនិងប្រៀបធៀបជា​មួយ​ការសិក្សាដែលមានស្រាប់របស់ប្រជាជនទូទៅ។

លោក Amit Kumar Saxena អ្នកស្រាវជ្រាវឥណ្ឌាបាននិយាយនៅក្នុងការស្រាវជ្រាវថ្មីនោះ និងត្រូវបានសារព័ត៌មានអង់គ្លេសMirrorចុះផ្សាយថា ហានិភ័យនៃការឆ្លងកូវីដលើអ្នកពាក់វ៉ែនតាគឺមានតិចជាងពី២ទៅ៣ដង ប្រើប្រៀបធៀបអ្នកដែលមិនពាក់វ៉ែនតា។លោកបន្ថែមថា តួនាទីការពាររបស់វ៉ែនតា ត្រូវបានគេរកឃើញថាមានសារៈសំខាន់ណាស់ ប្រសិនបើការពាក់វ៉ែនតាមានរយៈពេលយូរក្នុងមួយថ្ងៃៗ ខណៈការស្ទាបនិងត្រដុសភ្នែកដោយដៃកខ្វក់អាចជាផ្លូវនៃការឆ្លងដ៏សំខាន់មួយ។

កន្លងមកក៏មានការសិក្សាបង្ហាញថា ជាមធ្យមមនុស្សម្នាក់បានប៉ះមុខ២៣ដងក្នុងមួយម៉ោង និងប៉ះភ្នែកជាមធ្យម៣ដងក្នុងមួយម៉ោង។ ការប៉ះច្រមុះនិងមាត់ត្រូវបានកាត់បន្ថយច្រើននៅពេលមនុស្សពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ។ ប៉ុន្តែការពាក់ម៉ាស់មិនការពារភ្នែកទេនោះ៕