មន្រ្តីខាងអាកាសចរស៊ីវិលបានលើកឡើងថា ព្រលានយន្តហោះខ្នាតតំបន់នៅខេត្តមណ្ឌល​គិរី នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២១នេះ ប្រសិនការចរចាដំណាក់កាលទី២យ៉ាងតិចមានរយៈពេល៨ខែខាងមុខនេះរវាងរដ្ឋាភិបាលនិងក្រុមហ៊ុនទទួលបានជោគជ័យតាម​ការរំពឹងទុក។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃចន្ទទី៤មករានេះថា ការសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគីរី គឺគ្រោងនឹងចំណាយទឹកប្រាក់ជិត១០០ដុល្លាអាមេរិក ដែលជាវិនិយោគដោយក្រុមហ៊ុនចិនឈ្មោះ Powerchina International Group ។

លោកបន្តថា ការចំណាយទាំងអស់ គឺភាគីក្រុមហ៊ុនជាអ្នកទទួលរ៉ាប់រងទាំងស្រុង។ លោកបន្តទៀតថា បច្ចុប្បន្នរដ្ឋាភិបាលនិងក្រុមហ៊ុន កំពុងបន្តចរចាគ្នាក្នុងដំណាក់កាល​ទី​១​នៅ​ឡើយ ហើយនឹងអាចបញ្ជាប់នៅចុងខែមករានេះ ដើម្បីឈានចូលដល់ការចរចាដំណាក់​កាលទី២ ដែលជាចរចាលើកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីចែងអំពីកាតព្វកិច្ចដែលក្រុមហ៊ុនសាងសង់ និងរដ្ឋាភិបាលត្រូវអនុវត្ត ហើយការចរចានេះ គ្រោងចំណាយពេលជិត៨ខែទៀតទើបបញ្ជប់ ។

លោកថា៖«បន្ទាប់ពីចប់ហើយ បានយើងចុះកុងត្រារវាងក្រុមហ៊ុន និងរដ្ឋាភិបាល ហើយបានយើងអាចសាងសង់បាន។ ប្រសិនបើការចរចារទៅដោយរលូនការសាងសង់ព្រលានយន្តហោះនេះ នឹងចាប់ផ្តើមសាងសង់ចុងឆ្នាំ២០២១នេះ ពីព្រោះការចរចាពុំមែនជារឿងងាយស្រួលនោះទេ»។

រដ្ឋាភិបាលបានចេញ ស.ជ.ណ មួយចុះថ្ងៃទី៣១ធ្នូ ដើម្បីជ្រើសរើសយកក្រុមហ៊ុនចិន Power​china International Group ជាអ្នកទទួលបានសិទ្ធិវិនិយោគគម្រោងសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគីរី ខណៈអាជ្ញាធរខេត្តធ្លាប់បានអះអាងថា បានត្រៀមដីប្រមាណ៦០០ហិកតាសម្រាប់សាងសង់ព្រលានយន្តហោះថ្មីនេះ។



លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ទៀតថា គម្រោងសាងសង់ព្រលានយន្តហោះ​នៅក្នុងខេត្តមណ្ឌលគិរីនេះ គឺស្ថិតនៅលើផ្ទៃដីចំនួន៣០០ហិកតា និងមានទីតាំងចម្ងាយ​២០​គីឡូ​ម៉ែត​ពី​ក្រុងសែនមនោរម្យ។ ព្រលានយន្តហោះ

នេះ នឹងចំណាយពេលសាងសង់យ៉ាងតិច៣ឆ្នាំ ពីព្រោះទីតាំងគម្រោងនេះមានស្ថានភាពភូមិសាស្រ្តពិបាក ដែលមិនផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនសម្ភារទៅទីតាំង​សាង​សង់​។

មន្រ្តីខាងអាកាសចរស៊ីវិលដដែលបញ្ជាក់ថា ព្រលានយន្តហោះមួយនេះអាចអនុញ្ញាតឲ្យយន្តហោះធន់មធ្យមដែលមានទម្ងន់មិនលើសពី៨០តោន ចុះចត។

កម្ពុជារំពឹងថា ព្រលានយន្តហោះនៅខេត្តមណ្ឌលគីរី អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះតភ្ជាប់ខេត្តមណ្ឌលគិរី ទៅគោលដៅទេសចរណ៍ប្រទេសជិតខាង ដូចជាប្រទេស​ថៃ វៀតណាម និងឡាវ និងទីក្រុងសំខាន់ៗផ្សេងទៀតរបស់អាស៊ាន និងហួសទៅដល់ទី​ក្រុង​សំខាន់ៗរបស់ប្រទេសចិន។ ការបង្កើតព្រលានយន្តហោះថ្មី ក៏មានតួនាទីសំខាន់ក្នុងការបម្រើការដឹកជញ្ជូនទេសចរ អ្នកដំណើរ ទំនិញផ្សេងៗ ដូចជាបន្លែ ផ្កា ផ្លែឈើទៅកាន់គោលដៅនានាក្នុងប្រទេស៕

ដោយ៖ សុន មិនា