នាយកអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ចូល​រួមការ​ពារ​ព្រៃឈើ​ និង​ការពារ​សម្បុក​សត្វ​ត្រយង​ ខណៈ​ពូជ​សត្វ​នេះ​កំពុង​ជិត​ផុត​ពូជ​អស់ហើយ​នៅ​ពិភពលោក​ ហើយ​បច្ចុប្បន្ន​មានតែ​ប្រទេស​ចំនួន​បីរួមមានកម្ពុជា ឡាវ​ និង​ឥណ្ឌូណេស៊ី​ ក្នុងនោះ​កម្ពុ​ជា​មាន​វត្តមាន​សត្វ​ត្រយង​ច្រើន​ជាងគេ​។  

នាយក​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ​Bird life លោកប៊ូ វិ​រៈស​ក្ស ​បានបញ្ជាកឱ្យដឹង​នៅថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០១៩ នេះថា នៅក្នុង​ឆ្នាំ​២០១៩​នេះ ​អង្គការ រក្សាសត្វស្លាប​​អន្ដរជាតិ​រំពឹងថា​ ចំនួន​វត្តមាន​សត្វ​ត្រយង​នៅ​កម្ពុជា​នឹង​បន្ត​កើន​ឡើង​ថែមទៀត​ ហើយ​ចាប់ពី​ខែកក្កដា រហូតដល់​ខែតុលា​ ឆ្នាំ​២០១៩​ ក្រុមការងារ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរ​​ជាតិ​ នឹង​ចុះ​ធ្វើ​ជំរឿន​រាប់​ចំនួន​សត្វ​ត្រយង​ចង្កំ​-​ក​-​ស ​ដើម្បី​តាមដាន​អំពី​ទំនោរ​ នៃ​ប្រជា​សាស្រ្ត​សរុប​របស់​សត្វ​ត្រយង​។

លោក​បានបញ្ជាក់ថា ​អស់​រយៈពេល​ជាង​៥ឆ្នាំ​មកហើយ ​ដែល​អង្គការ​បាន​ចុះ​ធ្វើ​ជំរឿន​សត្វ​ត្រយង​នៅ​កម្ពុជា​។​ តាម​ការធ្វើ​ជំរឿន​នៅក្នុង​ឆ្នាំ​២០១៨​ ចុងក្រោយ​នេះ អង្គការ​បាន​រក​ឃើញ​ថា​ នៅលើ​ពិភពលោក​ មាន​សត្វ​ត្រយង​ចង្កំ​-​ក​-​ស ​មាន​ប្រ មាណ​ជិត​១០០០​ក្បាល​ ក្នុងនោះ​កម្ពុ​ជា ​មាន​សត្វ​ត្រយង​ចង្កំ​-​ក​-​ស​ ជាង​៥៤០​ក្បាល​ ដែលដែលស្នើ​ជាង​​៨០ភាគរយ នៃ​សត្វ​ត្រយង​ នៅលើ​ភពផែនដី​យើង​នេះ​។ 

កម្ពុជា​មានពូជ​សត្វ​ត្រយង​នេះ ​ចំនួន​ពីរ​ប្រភេទ​គឺ​៖ ពូជ​សត្វ​ត្រយង​ចង្កំ​-​ក​-​ស​ និង​ពូជ​សត្វ​ត្រយង​យក្ស ​ដែល​ជា​ពូជ​សត្វ​តំណាង​អត្តសញ្ញាណ​ព្រលឹង​ជាតិខ្មែរ​ ហើយ​បច្ចុប្បន្ន​ពូជ​សត្វ​ទាំងនេះ បាន​ និងកំពុង​រង​ការបាត់បង់​បន្តិច​ម្តងៗ​ ដោយសារ​ការ​បរ​បាញ់​ខុសច្បាប់​ ការ បំផ្លាញ​សម្បុក និង​ការ​ថមថយ​ ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែល​សត្វ​ត្រយង​រស់នៅ​។ ក្នុង​រដូវវស្សា​ចាប់ពី​ខែ​កក្កដា ដល់​ខែតុលា​ សត្វ​ត្រយង​ចង្កំ​-​ក​-​ស ចូលចិត្ត​ហើរ​លក្ខណៈ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម​ធំ​ រស់​នៅក្នុង​សម្បុក​តំបន់​ព្រៃឈើ​នៅក្នុង​ខេត្ត​ចំនួន​៥គឺ ​ ១.នៅ​ស្រុក​សៀម​ប៉ាង​ ខេត្តស្ទឹងត្រែង​, ២.​ស្រុក​លំផាត់​ ខេត្តរតនគិរី​, ៣.​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​, ៤.​តំបន់​គូ​លែន​ព្រហ្ម​ទេព ខេត្តព្រះវិហារ​ និង​ទី​៥.​នៅ​តំបន់​ស្រែ​ពក​ ខេត្ត​មណ្ឌល​គិរី​៕