កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានប្រកាសថា ប៉ារ៉ាស៊ីតទូទៅមួយដែលមាននៅក្នុងទឹកកខ្វក់និងសាច់ដែលមិនបានចម្អិន គឺជាប់ពាក់ព័ន្ធនាំឱ្យមានហានិភ័យកើតជំងឺមហារីកខួរក្បាលដ៏កម្រមួយ។ ពួកគេបានរកឃើញភស្តុតាងបង្ហាញថា អ្នកដែលឆ្លងប៉ារ៉ាស៊ីត Toxoplasma gondii ឬ T. gondii គឺមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីកខួរក្បាលដ៏កម្រនោះនិងមានគ្រោះថ្នាក់បំផុត។

អ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងទិនានុប្បវត្តិអន្តរជាតិនៃជំងឺមហារីកថា ប៉ារ៉ាស៊ីតនេះ ជួនកាលអាចបង្កើតជាខ្ទុះនៅក្នុងខួរក្បាល ហើយការរលាកខួរក្នុងខួរក្បាលគឺជាប់ពាក់ព័ន្ធនឹងខ្ទុះទាំងនោះ។

ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាសាស្ត្រប្រជាជននៃសមាគមជំងឺមហារីកអាមេរិក មជ្ឈមណ្ឌលជំងឺមហារីក និងវិទ្យាស្ថានស្រាវជ្រាវក្នុងរដ្ឋ Florida បានពិនិត្យមើលការផ្សារភ្ជាប់គ្នារវាង​អង់ទីក័រសម្រាប់ប៉ារ៉ាស៊ីត Toxoplasma gondii នៅក្នុងគំរូឈាម និងហានិភ័យកើតមាន​ដុំសាច់មហារីកក្នុងខួរក្បាលប្រភេទ glioma លើមនុស្សចំនួនពីរក្រុម ដែលមានគ្នាសរុបចំនួន១១១នាក់។នៅក្នុងចំណោមមនុស្សទាំង២ក្រុមនេះ ក្រុមអ្នកស្រាវជ្រាវបានតាមដានលើការផ្សារភ្ជាប់គ្នាជាវិជ្ជមានមួយ រវាងការធ្វើតេស្ដវិជ្ជមានសម្រាប់អង់ទីក័រប៉ារ៉ាស៊ីត T. gondii និង​ហានិ​ភ័យនៃការកើតដុំសាច់ខួរក្បាល។ ការជាប់ពាក់ព័ន្ធកើតជំងឺមហារីកខួរក្បាលនេះគឺកាន់​តែ​ខ្លាំងឡើង សម្រាប់មនុស្សដែលអង់ទីក័រប៉ារ៉ាស៊ីត T. gondii ខ្ពស់។

T. gondii គឺជាពពួកប៉ារ៉ាស៊ីត ដែលជាទូទៅចម្លងទៅមនុស្សតាមរយៈអាហារឬទឹកកខ្វក់និងឆៅ ឬសាច់ដែលមិនបានចម្អិន។ ២០ភាគរយទៅ៥០ភាគរយនៃប្រជាជនពិភពលោក បានប្រឈមនឹងប៉ារ៉ាស៊ីតនេះ។ Gliomas គឺជាប្រភេទដុំសាច់មួយដែលបានដុះក្នុងខួរក្បាល ហើយមានអត្រាអាចរស់រានមានជីវិតបាន៥ឆ្នាំបន្ទាប់ដុះដុំសាច់នេះ ត្រឹម​តែ៥​ភាគរយប៉ុណ្ណោះ។

ទោះជាយ៉ាងណា អ្នកស្រាវជ្រាវបានអះអាងថា ប៉ារ៉ាស៊ី T. gondii គឺមិនបង្កឱ្យមានជំងឺដុះដុំសាច់នៅក្នុងខួរក្បាលគ្រប់ស្ថានភាពទាំងអស់ឡើយ ពីព្រោះអ្នកខ្លះដែលបានកើត gliomas គឺគ្មានអង់ទីក័រ T. gondii ហើយការស្រាវជ្រាវគ្រាន់តែបង្ហាញថា បុគ្គលដែលមានការប៉ះពាល់ខ្ពស់ដោយសារប៉ារ៉ាស៊ីតT. gondii ទំនងប្រឈមខ្លាំងវិវឌ្ឍទៅជំងឺប្រភេទgliomasនេះ៕