ទីក្រុងតូរ៉ុនតូដែលជាទីក្រុងធំបំផុតរបស់ប្រទេសកាណាដា នឹងត្រូវបិទយ៉ាងហោចណាស់​២៨ថ្ងៃ ដែលអាចចាប់ផ្ដើមពីថ្ងៃចន្ទសប្ដាហ៍ក្រោយនេះទៅ ដើម្បីទប់ស្កាត់ការឆ្លងរីក​រាល​ដាល​នៃជំងឺកូវីដ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័ររបស់ការិយាល័យនៃខេត្ត Ontario។

អភិបាលខេត្ត Ontario លោក Doug Ford បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌​មាន​ថា ចំនួនឆ្លងកូវីដ១៩ កំពុងតែកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់មួយចំនួន ដោយលោកបានបន្ថែមថា ការបិទទីក្រុងនិងតំបន់មួយផ្នែកទៀតក្នុងពេលមួយរយៈ នឹងការ​ពារ​មន្ទីរ អ្នកចូលនិវត្តន៍ និងមនុស្សគ្រប់រូបនៅក្នុងខេត្តនេះ។

លោកនិយាយថា៖«យើងមិនអាចមានលទ្ធភាពបិទនៅទូទាំងខេត្តទេ ដូច្នេះយើងកំពុងចាត់វិធានការបង្ការនៅថ្ងៃនេះ ដោយផ្លាស់ប្តូរបិទតែទីក្រុងតូរ៉ុនតូនិងតំបន់មួយទៀតដែល​នៅជាប់ក្រុង ដាក់ឱ្យស្ថិតក្នុងវិធានការតឹងរឹងមានកម្រិត»។

ស្ថិតក្នុងការវិធានការបិទទីក្រុងនេះ ការជួបលៀងតាមផ្ទះនឹងមិនត្រូវបានអនុញ្ញាតឡើយ លើកលែងតែការជួបជុំមានតែសមាជិកគ្រួសារតែមួយ ហើយការជួបជុំនៅខាងក្រៅផ្ទះនឹងត្រូវបានកំណត់មិនលើសពី១០នាក់ឡើយ។

ចំណែកការរៀបចំមង្គលការ ពិធីបុណ្យសព និងពិធីសាសនា ដែលវិធានការរក្សាគន្លាតសុវត្ថិភាពនៅតែអនុវត្តបាន ក៏ត្រូវបានកំណត់ចំនួនមនុស្សមិនលើសពី១០នាក់ដែរ។



ហាងលក់ទំនិញត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ សម្រាប់តែការដឹកទំនិញដែលមានកម្ម៉ង់ទិញពីតាមផ្ទះ។ អាជីវកម្មមួយចំនួនដូចជាហាងលក់គ្រឿងទេស និងឱសថស្ថាននឹងត្រូវបានអនុញ្ញាតឱ្យបើកតែ៥០ភាគរយ។

ប៉ុន្តែសាលារៀននិងកន្លែងមើលថែកុមារ នឹងនៅតែបើកដដែល ហើយការអប់រំក្រោយមធ្យមសិក្សានឹងផ្លាស់ទៅការរៀនតាមអនឡាញ លើកលែងតែការបណ្តុះបណ្តាលដែលត្រូវ​តែមកបង្រៀនដោយផ្ទាល់។

ការបិទទីក្រុងនេះ បន្ទាប់ពីរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ករណីឆ្លងបានកើនឡើងដល់ ១ ០០០ នាក់ក្នុងមួយថ្ងៃ ហើយស្របពេលមានការអំពាវនាវយ៉ាងខ្លាំងពីមន្រ្តីសុខភាព​សាធារណៈ និងបុគ្គលិកពេទ្យជួរមុខ ចំពោះវិធានការរឹតបន្តឹងឱ្យបានតឹងរ៉ឹងបន្ថែមទៀត។

ករណីឆ្លងកំពុងកើនឡើងនៅទូទាំងប្រទេសកាណាដា ហើយតំបន់ជាច្រើនទៀតត្រូវបង្កើន​ការរឹតត្បិត។ បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃ កាណាដាអ្នកឆ្លងថ្មីប្រហែល ៥ ០០០ នាក់។ នាយករដ្ឋមន្រ្តីប្រទេសនេះក៏បានអំពាវនាវឱ្យរក្សាគន្លាតសុវត្ថិភាព៕