ភ្នំពេញ៖ កសិករដាំបន្លែនៅក្នុងបឹងទំពន់ជាយខាងត្បូងរាជធានីភ្នំពេញ ទទួល​​បានទិន្នផលកើនឡើងមួយកម្រិត ខណៈរដូវវស្សាទើបឈានមកដល់ នៅដើម​​សប្តាហ៍មុននេះ។

លោក តេង ផាន់ កសិករដាំត្រកួននៅលើទឹកបឹងទំពន់ បានរៀបរាប់ប្រាប់ថា នៅរដូវ​​វស្សានេះ មានភ្លៀងធ្លាក់ ត្រកួនលាស់ត្រួយលឿន និងល្អជាងរប្រាំង។ លោក តេង ផាន់ មានដីទំហំជិត ២ហិកតា ដាំត្រកួន នៅលើផ្ទៃទឹកបឹងទំពន់នេះ។

ម្ចាស់ចំការបន្លែត្រកួនលើផ្ទៃទឹកវ័យ ៦០ឆ្នាំរូបនេះ ប្រាប់ពីទីផ្សារ និងប្រាក់ចំណូល​​ប្រចាំថ្ងៃដូច្នេះថា៖« ទីផ្សាយយើងជុំវិញ យើងមានម៉ូយនៅផ្សារតាខ្មៅ ផ្សារចាក់អង្រែ ផ្សារដើមគរខ្លះចឹងទៅ។ បើតម្លៃទៅតាមដុំតូចដុំធំ មានចាប់ពី ១ពាន់រៀលទៅ ១៥រៀលក្នុង១ដុំ»។

អ្នកដាំបន្លែត្រកួននៅលើទឹកបឹងទំពន់ម្នាក់ទៀត គឺកញ្ញា ម៉ៅ ស្រីស្រស់ បានអោយដឹង​ដែរថា បន្លែត្រកួនចាប់ផ្តើមសម្បូរឡើងវិញ បន្ទាប់ពីមានភ្លៀងធ្លាក់ជាហូរ​ហែនៅរដូវ​វស្សានេះ។ បើទោះជាបន្លែត្រកួន ឬកញ្ឆែត ដាំនៅលើផ្ទៃទឹកក៏ពិតមែន តែនៅ​រដូវប្រាំង​កន្លងទៅអាកាសធាតុក្តៅខ្លាំងបន្លែទាំងនេះ មិនសូវលូតលាស់ល្អនោះទេ។ នេះជា​ការបន្ថែមរបស់និស្សិតឆ្នាំទី១ និងជាម្ចាស់ចំការបន្លែ ម៉ៅ ស្រីស្រស់។

«ខែមានវស្សា ខែមានទឹកភ្លៀងច្រើន សម្បូរដុះច្រើន កាលខែប្រាំងអត់សូវមាន​វាក្តៅ​ពេក អត់ល្អ។ ចំណែកការប្រមូលផល ១ថ្ងៃបាន ២០០ដុំ ក្នុង១ថ្ងៃ បានចំណូលជាង ១០ម៉ឺនដែរ»

តាមរយៈអ្នកដំាបន្លែនៅលើទឹកបឹងទំពន់ បានអោយដឹងទៀតថា ជាទូទៅបន្លែតែង​តែមានសត្វល្អិតបំផ្លាញ ដូច្នេះត្រូវតែប្រើថ្នាំគីមី ដើម្បីកម្ចាត់សត្វល្អិតទាំងនោះ។ ប៉ុន្តែការប្រើនោះ ក្នុងកម្រិតមួយទាបបំផុត ដែលមិនបង្កអោយប៉ះពាល់សុខភាព ដូចបន្លែនាំ​ចូលពីបរទេសឡើយ។ បឹងទំពន់ មានទីតាំងស្ថិត​នៅជាយខាង​ត្បូងរាជ​ធានីភ្នំពេញ។ តំបន់នេះ មានផ្ទៃទឹកអំណោយផលដល់ការដាំបន្លែ មានដូចជា បន្លែត្រ​កួន និងកញ្ឆែតជាដើម។ កសិករដាំបន្លែនៅទីនេះ អាចរកចំណូលបាន ចាប់ពី ៥ម៉ឺន ទៅជាង ១០ម៉ឺនរៀលក្នុង១ថ្ងៃ៕

អត្ថបទ៖ ខ្មែរណាស់