លោក ញឿក ភារម្យ កសិករចិញ្ចឹមចង្រិត ស្ថិតក្នុងភូមិទំពាំងឬស្សី ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ឲ្យដឹងថា មុខរបរចិញ្ចឹមចង្រិតអាចរកចំណូលបានជាង២០០ លានរៀល ក្នុងមួយខែ ហើយការផ្គត់ផ្គង់ទីផ្សារបានជាង១៥ តោន។ នេះបើយោងតាមក្រសួងព័ត៌មាននៅកាលពីថ្ងៃទី១៥ ខែមិថុនា។

លោក បន្តថា ការចិញ្ចឹមសត្វចង្រិតចំណាយដើមទុនតិច និងងាយស្រួលថែទាំ ព្រមទាំងមានទីផ្សារច្រើន ខណៈចង្រិត១ គីឡូមានតម្លៃចាប់ពី១៥០០០រៀលឡើងទៅ។ បច្ចុប្បន្នកសិករនៅខេត្ត តាកែវ មានបច្ចេកទេសចិញ្ចឹមចង្រិតចំនួន២ប្រភេទ គឺចង្រិតខ្មៅ និងក្រហម ដែលនាំចូលពូជមកពីប្រទេសថៃ។



ជាមួយគ្នានេះ លោក ញឿក ភារម្យ អំពាវនាវ ឲ្យកសិករងាកមកចាប់យកមុខរបរចិញ្ចឹមចង្រិតវិញ ព្រោះជាមុខរបរដែលងាយស្រួល និងរកប្រាក់ចំណូលបានជាប្រចាំ ខណៈបច្ចុប្បន្នមុខរបរចិញ្ចឹមចង្រិតជាសមាគមមានជាង១០០ គ្រួសារតែប៉ុណ្ណោះ។

សូមជម្រាបថា ចង្រិតជាប្រភេទសត្វល្អិតម្យ៉ាង ដែលមានគុណប្រយោជន៍ច្រើនដល់សុខភាព ដោយសារវាសំបូរទៅដោយប្រូតេអ៊ីន ហ្វាយប៊ឺ ដែលអាចសម្រកទម្ងន់បានផងដែរ៕