ខេត្តប៉ៃលិន៖ កសិករនៅក្នុងខេត្ដប៉ៃលិន បានចាប់ផ្ដើមដាំដំណាំបន្លែទំពាំងបារាំង ជាច្រើន ព្រោះទំពាំងបារាំងនេះ គឺជាដំណាំបន្លែមួយប្រភេទ ដែលមានគុណតម្លៃដល់​សុខភាព និងមានរស់​ជាតិឆ្ងាញ់ ងាយលក់រកប្រាក់ចំណូលបន្ថែម លើមុខរបរប្រចាំថ្ងៃ របស់កសិករ។ របរដាំបន្លែទំពាំងបារាំងនេះ បានជួយបង្កើនប្រាក់ចំណូល​បន្ថែមសម្រាប់​ផ្គត់ផ្គង់គ្រួសារ និងជួយលើកកម្ពស់ជីវភាពរបស់កសិករកាន់តែ​ប្រសើរ​ថែមទៀត។

អ្នកស្រី លឹម សុភាព អាយុ ៤៩ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រចាប់ សង្កាត់អូរ​តាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន  បានអោយដឹងថា ក្រៅពីប្រកបរបរដាំ​ដំណាំពោត​ក្រហម ដំឡូងមី​ប្រចាំរដូវ គាត់​បានទុកដីចំនួន៣រ៉ៃ ក្នុងចំណោមដីទាំងអស់ចំនួន៥ហិក​តា សម្រាប់ដាំ​ដំណាំ បន្លែទំពាំង​បារាំងនេះ។ អ្នកស្រី បានចាប់ផ្តើមដាំដំណាំ​ទំពាំង​បារាំង​នេះ តាំងពីខែមេសា ឆ្នាំ២០១៦ មកម្លេះ ដែល​​មកដល់ពេលនេះ គាត់បានដាំនៅ​លើផ្ទៃដីចំនួន២រ៉ៃកន្លះហើយ  តែ​ទំពាំង​បារាំងដែល​កំពុងតែប្រមូលផលរាល់ថ្ងៃ គឺមានទំ​ហំ១រ៉ៃកន្លះទេ។

អ្នកស្រី លឹម សុភាព បាន​ឱ្យដឹងទៀតថា ក្នុង​ចំនួនដី១រ៉ៃកន្លះនេះ ក្នុងរដូវប្រាំង គាត់​ប្រមូល​ផលទំពាំងបារាំងបានចន្លោះពី ៧ ទៅ១០ គីឡូ​ក្រាមក្នុងមួយថ្ងៃ។ ប៉ុន្តែបើ​រដូវភ្លៀង មានទឹកគ្រប់គ្រាន់ គឺអាច​ប្រមូល​ផល​បានពី ២០ ទៅ២៨គីឡូក្រាម ក្នុងមួយថ្ងៃ។

អ្នកស្រីថ្លែងដូច្នេះថា៖ “បន្លែទំពាំងបារាំងនេះ គេ​និយម​ហូបណាស់ ព្រោះមានគុណ​តម្លៃល្អដល់សុខភាព និងមានរស់ជាតិឆ្ងាញ់ ហើយ​ទីផ្សារក៏មាន​តម្រូវការខ្ពស់ មានប៉ុន្មាន​ក៏លក់អស់ដែរ ក្នុង១គីឡូលក់បានតម្លៃបោះដុំរហូត​ដល់១.២០០០​រៀល“។

ពេលប្រមូលផលហើយ ត្រូវវិចខ្ចប់ឱ្យបានត្រឹមត្រូវ​រួចបញ្ជូនទៅឱ្យម៉ូយលក់​បន្តនៅផ្សារ​ក្នុង​ខេត្តប៉ៃលិន និងនៅរាជធានីភ្នំពេញ ដែលម៉ូយ​ត្រូវលក់រាយក្នុងតម្លៃខ្ពស់ជាងនេះ។ នេះជាការបន្ថែមរបស់អ្នកស្រី លឹម សុភាព។

ចំណែកលោក ម៉ម សុផានី ប្រធានស្តីទីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរ​កសិ​​កម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានជំរុញលើកទឹក​ចិត្ត​ដល់អ្នកស្រី លឹម សុភាព ក៏ដូចជាប្រជាកសិករដទៃទៀត ក្នុងភូមិក្រចាប់ ឱ្យបន្តខិតខំយកចិត្ត​ទុក​ដាក់ពង្រីកការដាំដំណាំទំពាំងបារាំងនេះឱ្យបានចំនួនកាន់តែច្រើន ព្រោះជាដំ​ណាំងាយ​ដាំ ត្រូវការតែទឹក និងដីដែលមានជីធម្មជាតិស្រាប់ ឬដីធម្មតាគ្រាន់តែប្រើជីធម្មជាតិ​ផលិតពី​លាមកគោ ជ្រូក មាន់ ទា តែប៉ណ្ណោះ មិនត្រូវការប្រើសារជាតិគីមីអ្វីទាំងអស់។

សូមបញ្ជាក់ថា មកដល់ពេលនេះ នៅក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានប្រជាពលរដ្ឋចំនួន១០គ្រួសារហើយ ដែលកំពុងដាំដំណាំ​ទំពាំងបារាំងនេះ  ដោយក្នុងនោះមានផ្ទៃដីដាំសរុបប្រមាណជាង២ហិចតា៕