រយៈជាង១០ឆ្នាំហើយដែលកសិករនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ បានងាកពីការធ្វើស្រែប្រាំងមកដាំស្មៅលក់វិញ។ ស្មៅរពីប្រភេទត្រូវបានកសិករនិយមដាំជាងគេ គឺស្មៅជប៉ុន និងស្មៅម៉ាឡេ។

ជាទូទៅកសិករអាចដាំវាបាន៣ទៅ៤ដងក្នុងមួយឆ្នាំនៅលើដីតែមួយ។ ស្មៅជប៉ុន ជាប្រភេទស្មៅមានដើម និងស្លឹកតូចៗដុះញ៉ុកប្រទាក់គ្នា ចំណែកស្មៅម៉ាឡេមានដើម និងស្លឹករៀងធំបន្តិច។ ប៉ុន្តែស្មៅជប៉ុនមានតម្លៃថ្លៃជាងស្មៅម៉ាឡេ។

ស្មៅទាំងពីរប្រភេទជាស្មៅពេញនិយមបំផុត សម្រាប់ការដាំតាមសួនច្បារនានា។ កសិករដាំវារយៈពេល៣ខែគឺអាចបានផលហើយ ដោយលក់គិតជាម៉ែត្រការ៉េ។ ជាទូទៅក្នុងមួយម៉ែត្រករ៉េ កសិករអាចលក់បានចាប់ពី៥កាក់ ដល់ជិតមួយដុល្លាអាមេរិក។

វិធីដាំគឺកសិករគ្រាន់តែពង្រាបដីឲ្យស្មើតាមរបៀបពង្រាបដីស្ទូងស្រូវ​ តែមិនចាំបាច់មានល្បាប់ភក់ជ្រៅៗដូចស្រែស្រូវឡើយ។ គេយកស្មៅដែលទុកពូជមកផ្សាំពីលើដីភក់ដោយផ្សាំស្ដើងៗដើម្បីទុកឲ្យវាបែកគុម្ពរីកសាយ។

កសិករដាក់ទឹកវា៣ដងក្នុងមួយសប្ដាហ៍ និងអាស្រ័យលើអាកាសធាតុដែរ។ គេប្រើជីសដើម្បីជំនួយវា ហើយយូរៗម្ដងគេត្រូវដកស្មៅចង្រៃចេញដូចការដាំដំណាំផ្សេងៗដែរ។

កសិករម្នាក់អះអាងថាដីគាត់ទំហុំ៨រយម៉ែត្រការ៉េ គាត់អាចលក់ស្មៅបានប្រមាណ៧រយដុល្លាក្នុងមួយខែៗ៕