ពូជស្រូវត្រីរៀលជា​​កសិផលមួយមានរយៈពេលខ្លីដាំដុះ​ទទូលបាន​ទិន្នផលល្អ ដែលកសិករនៅឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែង​បានរកឃើញដោយខ្លួនឯង អាចចែកចាយដល់កសិករយើងផ្សេងៗ​​​​មិនបាច់ចំណាយថវិកាទិញស្រូវពូជ ​ កពីខេត្តនានា​។ នេះបើតាមអត្ថបទលើទំព័រហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ក្នុងឱកាសចុះជួបកសិករគូរដែលជ្រើសរើសបានពូជស្រូវថ្មី ហៅស្រូវត្រីរៀល លោក ថង ឌីអាត កសិករនៅភូមិភ្លុកជាម្ចាស់ស្រួវ​បានបញ្ជាក់ ស្រូវនេះលោកបានសន្សំវាធ្វើពូជបានរយៈពេល៣ឆ្នាំ​ហើយព្រោះ វាដាំដុះ​មិនរើសដី នឹងឆាប់ទទួលបានផលមុនគេ ។

លោកបញ្ជាក់ថា ដំបូងឡើយលោកធ្វើស្រូវរំដូលពេលនោះ​វាមានលាយលំនៅក្នុងស្រែបានចេញផ្លែទំមុនគេហើយក៍ចេះតែប្រមូលពូជវាទុកបានមួយតៅ  យកមកដាំ​ពេលចេញផ្លែទុំមានសម្បុរភ្លឺផ្លេកចាំងពន្លឺថ្ងៃដូចហ្វូងត្រីរៀលឡើង ទើបគាត់ដាក់ឈ្មោះវាជា(ស្រូវត្រីរៀល)​។

លោក​ ទួន ​ថាំង មេ​ឃុំភ្លុកស្រុកសេសាន បានអះអាងថាបច្ចុប្បន្នពូជស្រូវនេះ ត្រូវបានកសិករ​ចាប់អារម្មណ៍ធ្វើបានប្រមាណ២០គ្រួសារហើយ ចំណែកស្រូវផ្សេងៗទៀតដូចជាពូជស្រូវរំដួល ផ្កាម្លិះ -ផ្កាល្មៀត- ផ្ការំដេង- សែនពិដោរ- ក៏កសិករយើងនិយមធ្វើដែរ ព្រោះពេលបានផលងាយស្រួលលក់។​

លោកថា ចំពោះស្រូវត្រីរៀលថ្មី ដែលកសិករបង្កាត់ពូជបាននេះ ពិតជាពូជស្រូវមួយ​​ដាំដុះឆាប់ទទួលបានផលពិតប្រាកដមែន ជាពិសេសនៅចុងខែកញ្ញានេះ ត្រូវបានប្រមូលផលរួចរាល់ហើយលោកនឹងទាក់​ទងទៅខាងបច្ចេកទេស ​កសិកម្មឱ្យគាំទ្រលើគម្រោងនេះព្រោះជាលើកទី១ហើយដែលកសិករយើងមករកឃើញពូជ ស្រូវនេះ​ ដើម្បីឱ្យផ្នែកបច្ចេកទេសមកជួយរបៀបបន្សុតបន្ថែម ដើម្បីយើងទុកពូជ​ឲ្យបានកាន់តែល្អ ។

លោក ធី សាយ កសិករដាំស្រូវនេះដែរបានបញ្ជាក់ថាៈ តាំងពីបានដាំដុះស្រូវនេះមកឃើញថាមិនពិបាកថែទាំទេ ហើយក្នុងរយៈពេលតែ៧៥ថ្ងៃបានចេញផ្លែទុំ​ ទទួល​ផលទាន់ចិត្ត​ ​​ និងបានដុលអំបុកលក់មុនគេថែមទៀត ។

សូមបញ្ជាក់ថា ឃុំភ្លុក ស្រុកសេសាន ស្ថិតនៅតាមបណ្តោយដងទន្លេសេសាន មានចំងាយពីទីរួមខេត្តប្រមាណជាង២០គីឡូម៉ែត្រ មានប្រជាពលរដ្ឋរស់នៅ ៤០៧ គ្រួសារ ចំនួនមនុស្ស ១៦៨៥ នាក់ នឹងមានផ្ទៃដីដាំដុះដំណាំស្រូវស្រែចំការប្រមាណ ជាង៤០០ហិកតា ៕