ជារឿងដ៏គួរឲ្យកោតសរសើដែលកសិករឃុំព្រៃកន្លោង ស្រុកពោរៀង ខេត្តព្រៃវែង អាចធ្វើសូវប្រាំងបានយ៉ាងច្រើនសន្ធឹក ដោយគ្រាន់តែប្រើប្រាស់ទឹកទាញមកពីអណ្ដូងស្នប់។ កសិករបានថ្លែងឲ្យដឹងថាក្នុងមួយឆ្នាំ ប្រសិនបើមានដី១ហិកតា ពួកគាត់អាចធ្វើស្រែប្រមូលផលបានមិនតិចជាង១០តោននោះទេ។

ហេតុអ្វីបានជាប្រើប្រាស់ទឹកអណ្ដូងស្នប់? កសិករបានអះអាងថាដោយសារតែប្រភពទឹកបឹងនៅឆ្ងាយពីដីស្រែពេក ក៏បែកគំនិតនាំគ្នាជីកអណ្ដូងស្នប់ប្រើប្រាស់តែម្ដងទៅ។ ជាលទ្ធផលទឹកអណ្ដូងស្នប់ចេញច្រើន ប៉ុន្តែកសិករក៏ត្រូវចំណាយថ្លៃប្រេងច្រើនជាងប៊ូមទឹកពីប្រភពដូចជាបឹង និងព្រែកដែរ។

ក្នុងមួយឆ្នាំ ពួកគាត់អាចធ្វើស្រូវនៅលើដីស្រែតែមួយបានពី៣ទៅ៤ដង អាស្រ័យលើស្រែនៅក្បែរបឹងអាចធ្វើបានតែ៣ដង ព្រោះទឹករដូវវស្សាឡើងលិច ប៉ុន្តែបើស្រែនៅឆ្ងាយហើយដីខ្ពស់ គឺអាចធ្វើបាន៣ដង ដោយធ្វើម្ដងៗចំណាយពេលជាង២ខែទៅ៣ខែប៉ុណ្ណោះ។ នៅពេលដែលដីភាគច្រើនសុទ្ធតែធ្វើស្រូវ កណ្ដុរក៏មិនសូវមានដែរ លើកលែងតែខែទឹកឡើងដែលវារត់ចេញពីព្រៃលិចទឹក។

កសិករបានថ្លែងទៀតថា ការធ្វើស្រែប្រាំងរបស់ពួកគាត់ គឺមិនស្ទូងដូចមុនឡើយ។ គាត់ប្រើវិធីព្រោះគ្រាប់យកតែម្ដង ដោយព្រោះក្រាស់ៗទៀតផង។ ករណីនេះ ហាក់ផ្ទុយពីគោលការណ៍ធ្វើស្រែតាមប្រពលវប្បកម្មដែលគេស្ទូងស្រូវតែមួយដើម ប៉ុន្តែកសិករអះអាងថាការធ្វើព្រោះគ្រាប់ បើមិនព្រោះឲ្យក្រាស់ទេ គឺមិនឈ្នះស្មៅឡើយ ហើយថាព្រោះក្រាស់ គឺបានផលក្រាស់។

ក្នុងដីមួយហិកតា កសិករអាចធ្វើស្រូវបានមិនតិចជាង៥តោនឡើយ។ នេះបើតាមការអះអាងរបស់កសិករ។ កសិករថាប្រសិនបើធ្វើបាន៣ដង គឺអាចបានចន្លោះពី១៣ ទៅ១៥តោន ឬលើសនេះក៏មាន។ ហើយបើធ្វើបាន៤ដងវិញ គឺផលនឹងកើនទៅតាមនេះ។ ប៉ុន្តែកសិករក៏ត្រូវប្រើទឹកច្រើន ជីច្រើន បូកទាំងជីលាមកគោដែរ។

នៅឆ្នាំនេះ បើតាមកសិករឃុំព្រៃកន្លោង ស្រូវមួយគីឡូក្នុងអំឡុងខែមករានេះ អាចលក់បាន៩៥០រៀល។ នេះសម្រាប់ប្រភេទស្រូវអ៊ីអ៊ែរ។ កសិករថ្លែងថាតម្លៃមិនក្រោម៩០០រៀល ក្នុងមួយគីឡូ គឺជាតម្លៃដែលផ្ដល់ក្ដីសង្ឃឹមសម្រាប់ពួកគាត់ ប៉ុន្តែបើក្រោមនេះ គឺគ្រាន់តែបានត្រឹមទូទាត់លើការចំណាយប៉ុណ្ណោះ៕