បាត់ដំបងនៅតំបន់មួយចំនួន ប្រជាកសិករខ្មែរ បាននិងកំពុងដាំដើម​ឬស្សី​បណ្តើរៗហើយព្រោះរុក្ខជាតិ​ប្រភេទនេះ ងាយស្រួលដាំ និងមានទីផ្សារខ្ពស់​នាពេលបច្ចុប្បន្ន។

លោក ហេង មករា ម្ចាស់សិប្បធ្យូងអនាម័យ ដែលគ្រោងនឹងដាំដើមឬស្សីរាប់រយហិចតា បានឲ្យដឹងថា ការដាំឬស្សីនៅពេលនេះ​ សំដៅទៅលើការដាំឬស្សី​ ២ប្រភេទ៖

ប្រភេទទី១៖​ គឺ​ឬស្សីទំពាំងផ្អែម​ ឬឬស្សី​ គឹម​ ស៊ុង, ប្រភេទទី២​៖ ឬស្សីយក្ស​ ឬ​ឬស្សី​ សាំងម៉ុន។ លោកបានពន្យល់ថា «ប្រភេទទី១​ គឺជាប្រភេទឬស្សី​ ដាំដុះ​យកផលទំពាំង​ ឬបន្លែ។ ចំណែក​ប្រភេទទី២​ គឺជាប្រភេទឬស្សី​ ដាំយកដើម​ សម្រាប់​សំណង់ ឬគ្រឿងសង្ហារឹម​ផ្សេងៗ»។

ចំពោះការដាំដុះលោក ហេង មករា លើកឡើងថា ឬស្សីគឺត្រូវដាំនៅ​រដូវមាន​ភ្លៀងធ្លាក់​ដើមឆ្នាំ​ គឺជាពេលដែល​មានសំណើម និងទឹកគ្រប់គ្រាន់​ ដើម្បីធានាដល់ការចាប់​ឬសដំបូងៗរបស់​កូនឬស្សី។ កូនឬស្សីដែលត្រូវយកទៅដាំ​ គឺគេត្រូវប្រើវិធី២​ យ៉ាង​ ដែលធានាដល់ការលូត​លាស់បានល្អរបស់កូនឬស្សី។

ការដាំដំណាំឬស្សី​ មានភាពងាយស្រួល​ ជាងដំណាំផ្សេងៗឆ្ងាយណាស់។  ដីដែលអាច​ដាំឬស្សីអោយមានការលូតលាស់ល្អគឺជាដីល្បាយខ្សាច់​ មានសំណើមល្មម​ ដីធូរ​ មិនមាន​ថ្មឬគ្រោះ​ ។ ឬស្សី មិនអាចដាំក្នុងដីស្រែ ឬវាលលិចទឹកបានទេ។ ឬស្សីត្រូវ​ការដីខ្ពស់​ ផុតពីទឹក​ តែឬស្សីត្រូវការទឹកដើម្បីលូតលាស់។ ឬស្សីទាំងពីរប្រភេទខាងលើ​ មានការលូតលាស់​ គ្រប់រដូវ​ ប្រសិនបើមានការមើលថែរឬស្រោចស្របបានល្អ។ មានន័យថា ឬស្សីអាចអោយផលទំពាំងបានគ្រប់រដូវកាល។ ជាទូទៅ​ ឬស្សីយក្ស​ គេដាំដើម្បីយកដើម​ សម្រាប់ប្រើការជាគ្រឿងសង្ហារឹមឬសំណង់ផ្សេងៗ។ វាមាន​ដើមធំៗ​ ខ្ពស់ៗ​ ត្រង់វែងល្អ​ ។ គេអាចប្រមូលផលឬស្សីយក្សនេះ បានក្នុងរយៈពេល​ អាយុ​៥ទៅ៦ឆ្នាំ។

ចំណែក​ឯឬស្សីផ្អែមវិញ  មានប្រយោជន៍ គឺគេយកផលជាទំពាំង។ ទំពាំង​ អាចធ្វើជា​ ទំពាំងស្រស់​ សម្រាប់បន្លែ ធ្វើទំពាំងក្រៀម ទំពាំងជ្រក់ ទំពាំងកំប៉ុង។ ទំពាំង​នេះ អាចនាំ​ចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។  ពេលដែលទំពាំងអោយផលជាដើម​ ចាស់ៗ​ សម្រាប់ប្រើប្រាស់អាចយកទៅធ្វើជាធ្យូងឬស្សីបាន​ ។ ដើមចាស់ៗ​ អាចផ្សាំធ្វើពូជលក់​ បានប្រាក់យ៉ាងច្រើន។

លោក ហេង មករា បានរៀបរាប់បន្តថា ឬស្សីផ្អែម​ នឹងអោយផលដំបូងរបស់វា​ ក្នុង​កំឡុង​ពេល​ ៥ទៅ​ ៨ខែ ក្រោយការដាំដុះ។ មានន័យថា​ ក្នុងកំឡុងខែ​ ១១​ ឬខែ​ ១២​ កសិកករនឹងទទួលបានទំពាំង​ ពីចំការរបស់ខ្លួន។ ក្នុងដំណាក់កាលដំបូងៗ​ យើង​មិនត្រូវយកទំពាំងទេ។ យើងត្រូវទុកទំពាំង​ ដើម្បីយកដើម​ ទុកធ្វើពូជ​ ៣ទៅ៤ដើម​ក្នុងមួយគុម្ព​ ។ ការរក្សាដើមពូជនេះ គឺដើម្បីអោយ​ ឬស្សីមានកំលាំងគ្រប់គ្រាន់ក្នុងការ​ បញ្ចេញទំពាំង។

ឬស្សីផ្អែម​ ផ្តល់ទំពាំង​គ្រប់រដូវកាល។ តម្លៃទំពាំង​ ១គីឡូក្រាម​ ចន្លោះពី​ ២០០០៛ទៅ​ ៨០០០៛។ ចំពោះដើមចាស់ៗ​ មានតម្លៃ​ ២០០០៛ទៅ៤០០០៛ ក្នុង ១ដើម។  ដើមចាស់ៗ​ ប្រើសម្រាប់ដុតធ្វើធ្យូងឬស្សី​ ឬផ្គត់ផ្គង់ដល់សិប្បកម្មធ្យូងអនាម័យ ជាដើម។ ឬស្សី​ មានអត្ថប្រយោជន៍ច្រើន ពោលគឺជួយការពារការកើនឡើងកំដៅ​ និងបំរ៉ែបំរួល​ អាកាសធាតុផងដែរ។

លោក មករា បានបង្ហើបពីទីតាំងដែលអាចដាំឬស្សីផ្អែមថា តំបន់ដែលល្អគួរដាំ ហើយនៅជិតរាជធានីភ្នំពេញ​ មានដូចជា​ តំបន់តាកែន កោះស្លា​ និងគីរីរម្យ​ ។ ចំណែកតំបន់នៅតាមជាយដែនវិញ អាចដាំនៅម្តុំតាមច្រកល្បៀង​ និងនៅក្នុងស្រុកសំឡូតជាដើម៕

អត្ថបទ៖ សាវតា